គម្រោងចិត្តដូចគ្នា-ONE HEART PROJECT បាន រកឃើញក្រុមជ័យលាភីក្នុងរដូវកាលទី២។ ក្នុងចំណោមក្រុមជ័យលាភី ៦ក្រុមចុងក្រោយ មានតែបីក្រុមតែប៉ុណ្ណោះដែលទទួលបានចំណាត់ថ្នាក់គឺ៖ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម រោងជាង។ ក្រុមនេះបានធ្វើស្លាកសញ្ញាទេសចរណ៍នៅរមណីយដ្ឋានចំបក់។ ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុម ទឹកចិត្តយុវជនកម្ពុជា។ ក្រុមនេះបានកសាងអណ្តូងទឹកសម្រាប់សហគមន៍ ដែលមានទីតាំងនៅខេត្តព្រៃវែង។ ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម ជំនាន់ថ្មី។ ក្រុមនេះបានសាងសង់ផែបណ្តែតទឹកនៅខេត្តកំពង់ធំ។ កម្មវិធីនេះត្រូវបានប្រារព្វឡើងនៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យបែលធីអន្តរជាតិ។
លោកស្រី ងួន សូនី ប្រធានគម្រោង បានមានប្រសាសន៍ថា «យើងទទួលបានការគាំទ្រខ្ពស់ និងមានសមាជិករីកលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ទាំងពីរដូវកាលខ្ញុំបានសង្កេតឃើញថា ប្អូនៗទាំងអស់គ្នាដែលបានចូលរួមគឺសុទ្ធតែជាយុវជនគម្រូ និងឆ្នើមរបស់កម្ពុជាដែលបានចូលរួមទាំងគិត ទាំងគូ ហើយចេញធ្វើសកម្មភាពសម្រាប់ភាពរីកលូតលាស់របស់កម្ពុជាពិតប្រាកដមែន។ »
គម្រោងចិត្តដូចគ្នា ជាវេទិកាដែលផ្តល់ឱកាសដល់យុវជនក្នុងការអនុវត្តគម្រោងជាក្រុម ការគិតពិចារណា និងជាផ្នែកនៃដំណោះស្រាយ។ គម្រោងចិត្តដូចគ្នាសម្រាប់រដូវកាលទី២ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ដើម្បីសង្គមជាតិ យើងអាចធ្វើបាន» បានស្វែងរកក្រុមយុវជន ៦ក្រុមចុងក្រោយដើម្បីធ្វើគម្រោងតាមទីតាំងរៀងៗខ្លួន។ យុវជនតំណាងក្រុមម្នាក់បាននិយាយថា «យើងធ្វើគម្រោងនេះមិនបានគិតដល់ការប្រកួតប្រជែងទេ យើងធ្វើសកម្មភាពទាំងនេះចេញពីបេះដូងរបស់យើងក្នុងការចូលរួមជាផ្នែកមួយក្នុងសង្គម។» ភាសានេះសាមញ្ញតែមានអត្ថន័យណាស់សម្រាប់ប្អូនៗជាយុវជនផ្សេងៗទៀតក្នុងការបន្តចូលរួមដើម្បីកម្ពុជា។
គម្រោងចិត្តដូចគ្នា តែទទួលបានការគាំទ្រ ពីសហភាពសហព័ន្ធយុវជនកម្ពុជាជាហូរហែ។ មានកម្មវិធីជាច្រើនដែល ស.ស.យ.ក. តែងតែលើកទឹកចិត្ត និងគាំទ្រអោយទទួលបានជោគជ័យ។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថា « សកម្មភាពដែលយើងធ្វើទាំងអស់មិនមែនដើម្បីស្នាដៃនោះទេ ហើយកុំគិតថាវាជាការប្រកួតប្រជែង វាគឺជាការចូលរួមពិតប្រាកដក្នុងសង្គម និងជាការសាកល្បងសមត្ថភាពនៃការដឹកនាំ (Leaders are those who do) និងភាពទទួលខុសត្រូវរបស់ខ្លួនថា តើយើងធ្វើបានដែរឬទេ? ថ្ងៃនេះប្អូនៗបានបង្ហាញខ្ញុំថា ប្អូនៗអាចធ្វើបាន។ ប្អូនៗបានផ្តល់ទំនុកចិត្ត និងក្តីសង្ឃឹមដល់ខ្ញុំថាកម្ពុជាពិតជាមានសក្តានុពលធនធានមនុស្សខ្ពស់ប្រកបដោយថាមភាពពិតប្រាកដមែន»។
«អ្វីដែលយើងត្រូវជឿជាក់ និងច្បាស់លាស់គឺកូនខ្មែរមានសមត្ថភាពមិនចាញ់ប្រទេសណាទាំងអស់។ កុំមើលស្រាលលើសមត្ថភាពខ្លួនឯង និងកុំមើលស្រាលលើសមត្ថភាពកូនខ្មែរ។» ឯកឧត្តមបន្ថែម។
គម្រោងចិត្តដូចគ្នា ត្រូវបានយុវជន និងអ្នកចូលរួមកម្មវិធីនៅព្រឹកនេះបានសំណូមពរសូមអោយមានការសិក្សាសម្រាប់រដូវកាលទី៣ ជាបន្ត។