នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារទីស្នាក់ការថ្មីរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបងដែលមានទីតាំងនៅផ្លូវ ពោធិវង្ស ក្រុម៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អញ្ជើញចូលរួមក្នុងពិធីនេះក៏មានវត្តមាន ឯកឧត្តម ស សុខា ឯកឧត្តម គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង រួមទាំងវត្តមានឯកឧត្តម លោកជំទាវ គណៈអចិន្ត្រៃយ៍ស.ស.យ.ក. គណៈកម្មាធិការកណ្តាល ស.ស.យ.ក ប្រធាន/អនុប្រធាន ស.ស.យ.ក. ខេត្ត និងសមាជិក សមាជិកាស.ស.យ.ក. ខេត្តបាត់ដំបងអញ្ជើញចូលរួមអបអរសាទរសមិទ្ធផលថ្មីទាំងនេះផងដែរ។
មានប្រសាសន៍ក្នុងកម្មវិធី ខេត្តបាត់ដំបងនាព្រឹកនេះឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ទីស្នាក់ការថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលមួយយ៉ាងសំខាន់ សម្រាប់យុវជន ក្នុងនោះការបណ្ដុះបណ្ដាល និងការឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់យុវជន គ្រប់លំដាប់ថ្នាក់ និងគ្រប់និន្នាការ ការទាំងនៅក្នុងខេត្តបាត់ដំបងផ្ទាល់ និងបណ្ដាខេត្តជិតៗនេះផងដែរ។» ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានបន្ថែមផងដែរថា «ការជួបជុំគ្នាថ្ងៃនេះ មិនត្រឹមតែដើម្បីអបអរសាទរ ចំពោះសមិទ្ធផលដ៏ថ្លៃថ្លា ដែលស.ស.យ.ក. ខេត្តបាត់ដំបង ទើបសម្រេចបានប៉ុណ្ណោះទេ តែជាឱកាសបង្ហាញពីការ រួបរួមសាមគ្គីគ្នាជាកម្លាំង និងឆន្ទៈ ឥតងាករេ របស់ក្រុមគ្រួសារ ស.ស.យ.ក. ក្នុងការបន្ត ខិតខំបំពេញភារកិច្ចរបស់ខ្លួន ឱ្យកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត ជាមួយការរួមចំណែកក្នុងបេសកកម្ម ជំរុញយុវជនកម្ពុជា ឲ្យក្លាយជាសសរទ្រូង ជាកម្លាំងបន្តវេន ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ជាតិ និងជាអ្នកថែរក្សាការពារសមិទ្ធផល និងស្នាដៃដែលយុវជនជំនាន់មុនបានកសាង និងបន្សល់ទុក ចេញពីការបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាពស្ថិរភាព និងវឌ្ឍនភាពសង្គម។»
ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង បានឲ្យដឹងថា ដោយមានការជ្រោមជ្រែងពីសប្បុរសជនជាច្រើន អគារថ្មីរបស់ស.ស.យ.ក. ខេត្តបាត់ដំបង ដែលមានទំហំ ៥៥៨,៣៩ ម៉ែត្រការ៉េ កម្ពស់១ ជាន់ និងមាន០៤ បន្ទប់ ត្រូវបានចាប់ផ្តើមសាងសង់ឡើងកាលពីខែឧសភា ឆ្នាំ២០១៩ និងទើបតែត្រូវបានបញ្ចប់នៅខែមករា ឆ្នាំ២០២១។ ជាមួយសមិទ្ធផលអគារថ្មីមួយនេះ ក៏មានការកសាងឃ្លាំងសម្ភារៈថ្មី និងជុសជុលអគារចាស់ដែលមានស្រាប់មួយខ្នងផងដែរ។
ឯកឧត្តម បានបន្ថែមផងដែរថា ក្រៅពីកិច្ចការរដ្ឋបាល អគារស្នាក់ការ ស.ស.យ.ក.ខេត្តបាត់ដំបង នឹងត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលអប់រំ បណ្ដុះបណ្ដាល និងកីឡាផ្សេងៗ ព្រមទាំងជាទីកន្លែងសម្រាប់ការរៀបចំកម្មវិធី និងវេទិកាសង្គមផ្សេងៗ ដែលជាចំណេះដឹងទូទៅ និងជាប្រយោជន៍ដល់យុវជន។
សូមជម្រាបផងដែរថា មកទល់ពេលនេះ សហភាពសហព័ន្ធយុវជនកម្ពុជាការិយាល័យតំណាងរបស់ខ្លួននៅទូទាំង២៥ រាជធានីខេត្ត ក្នុងប្រទេស ដោយមានសមាជិកសរុបជាង ១៤មុឹននាក់ ដែលកំពុងបំពេញបេសកកម្មក្នុងការចូលរួមសកម្មភាពសង្គម និងមនុស្សធម៌។