ទិវាវប្បធម៌ជាតិ៣មីនា គឺជាទិវាដែលមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះប្រជាជាតិទាំងមូល ធ្វើឡើងដើម្បីជាការនឹកទៅដល់គុណូបការៈដូនតាជំនាន់មុន ដែលបានរក្សា និងបន្សល់ទុកនូវកេរមរតក ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់កូនចៅជំនាន់ក្រោយ។ ទិវានេះធ្វើឡើងក្នុងគោលបំណងក្រើនរំលឹកដល់ប្រជាជនកម្ពុជា ជាពិសេសយុវជនអ្នកបន្តវេនជំនាន់ក្រោយ ឲ្យចូលរួមស្រឡាញ់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ និងបន្តនូវកាតព្វកិច្ចរបស់ខ្លួនក្នុងការថែរក្សា ការពារ ផ្សព្វផ្សាយ លើកស្ទួយ និងអភិរក្សវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៅព្រះរាជាណាចក្រកម្ពុជាឲ្យបាននៅស្ថិតសេ្ថរ ប្រកបដោយនិរន្តរភាព។
សហភាពសហព័ន្ធយុវជនកម្ពុជាមិនដែលភ្លេចឡើយ នូវកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមយុវជនកម្ពុជា ដែលតែងតែចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងគ្រប់កម្មវិធីលើកស្ទួយដល់វប្បធម៌ខ្មែរ ដូចជាព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ ដែលជួយនាំយកនូវភាពអស្ចារ្យរបស់កម្ពុជា ទៅកាន់ពិភពលោក ធ្វើឲ្យឈ្មោះកម្ពុជាល្បីល្បាញជាថ្នាក់អន្តរជាតិ ហើយអ្វីដែលមិនអាចបំភ្លេចបាន គឺព្រឹត្តិការណ៍អង្គរ សង្រ្កាន្ត ដែលបានដក់ជាប់ក្នុងដួងចិត្តប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
យុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា នឹងនៅតែបន្តអនុវត្ត និងប្តេជ្ញារួមថែរក្សាកេរមរតកវប្បធម៌ប្រពៃណីខ្មែរឲ្យស្ថិតស្ថេរគង់វង្សតរៀងទៅ ហើយរួមចំណែកធ្វើអោយវិស័យវប្បធម៌រឹតតែមានភាពរីកលូតលាស់ទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។