ការផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការពង្រីកការអប់រំកុមារតូច ការពង្រីកឱកាសទទួលសេវាអប់រំមធ្យមសិក្សា និងក្រោយមធ្យមសិក្សា តាមរយៈបន្តអនុវត្តគោលការណ៍ភាពជាដៃគូ ឱ្យបានកាន់តែប្រសើររវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ និងមាតាបិតាសិស្ស ក្នុងការរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ ពង្រឹងសមត្ថភាពរបស់យុវសិស្សជំនាន់ក្រោយ ដែលជាធនធានមនុស្ស បន្តវេនសម្រាប់សង្គមកម្ពុជាកាន់តែរឹងមាំ។
លើសពីនេះទៀតត្រូវធានាថា ការចំណាយលើវិស័យអប់រំពិតជាទទួលបាននូវ ផលប៉ះពាល់ជាអតិបរមា ជាពិសេសផ្តោតការយកចិត្តទុកដាក់ទៅលើការអប់រំសម្រាប់កុមារនិង យុវជន បាត់បង់ឱកាស តាមរយៈការរៀបចំឲ្យមានវិធានការច្បាស់លាស់ ដែលធានាដល់ប្រសិទ្ធភាពនៃការចំណាយថវិកាអប់រំ ។ ការពង្រឹងការអនុវត្តច្បាប់ស្តីពីការអប់រំ ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន និង អភិបាលកិច្ចល្អ ក៏ជាកិច្ចការមួយដែលត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា។ ស្របពេលជាមួយគ្នានេះ ការលើកទឹកចិត្ត និងការអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំនៅគ្រប់កម្រិតសម្រាប់អនុវត្ត វិមជ្ឈការអប់រំ ក៏ជាសមាសភាគដ៏សំខាន់ផងដែរ។