នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានអនុញ្ញាត ឱ្យប្រតិភូយុវជនកម្ពុជា ដែលត្រៀមខ្លួន ទៅចូលរួមកម្មវិធីសន្និសិទយុវជនគំរូអាស៊ាន (YMAC) នៅប្រទេសសឹង្ហបុរី អញ្ជើញចូលជួប សម្តែងការគួរសម និងសុំអនុសាសន៍សំខាន់ នាទីស្នាក់ការកណ្តាលសហភាពសហព័ន្ធ យុវជនកម្ពុជា។
កម្មវិធីនេះមានគោលបំណងដើម្បីបង្កើនការយល់ដឹងដល់យុវជន អាស៊ានឱ្យកាន់តែស៊ីជម្រៅ ទាក់ទងទៅនឹងអាស៊ាន និងបញ្ហាផ្សេងៗដែលកំពុងកើតមានឡើងតាមប្រទេសនៃតំបន់អាស៊ាន ជាពិសេសពង្រឹងទំនាក់ទំនងជាមួយសិស្ស និងនិស្សិតក្នុងសហគមន៍ និងកសាងនៅអត្តសញ្ញាណរបស់អាស៊ានតាមរយៈសកម្មភាពរួមរបស់យុវជន ការពិភាក្សា និងតស៊ូមតិតាមរយៈប្រធានបទនីមួយៗ។
សូមជម្រាបផងដែរថា ក្រុមប្រតិភូយុវជនដែលមានចំនួនសរុប១៣រូប ត្រូវបានជ្រើស រើសតាមបណ្តាមហាវិទ្យាល័យ នានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងសន្និសិទយុវជនគំរូអាស៊ាន នៅប្រទេសសឹង្ហបុរី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ ដែលនឹងពិភាក្សាលើប្រធានបទធំៗចំនួន៧ ទាក់ទងនឹងបរិស្ថាន សេដ្ឋកិច្ច សង្គម សន្តិសុខ សិល្បៈ និងវប្បធម៌។