ក្រុងណាននីង ខេត្តក្វាងស៊ី៖ អាជ្ញាធរខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា ខ្លួននឹងពិចារណាបន្ថែមចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាឱ្យបាន បន្តការសិក្សានៅក្នុងប្រទេសចិន និងបន្តជំរុញបន្ថែមឱ្យអ្នកវិនិយោគផ្នែកឧស្សាហកម្មធុនតូច និងមធ្យមទៅកាន់ប្រទេសកម្ពុជាក្នុងពេលអនាគតឆាប់ៗខាងមុខនេះ។
ឯកឧត្តម ZHANG XIAOQIN អភិបាលរង នៃខេត្តក្វាងស៊ី បានអះអាងដូចនេះ ជាការឆ្លើយតបទៅនឹងសំណូម ពររបស់ លោក ហ៊ុន ម៉ានី ប្រធានគណៈប្រតិភូយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពេលដែលឯកឧត្តមបានអនុញ្ញាតឱ្យក្រុមគណៈប្រតិភូកម្ពុជា បានចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ អំឡុងទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុង ខេត្តក្វាងស៊ី។
ក្នុងជំនួបរយៈពេលប្រមាណ៦០នាទីជាមួយនឹងគណៈប្រតិភូយុវជនកម្ពុជាឯកឧត្តម ZHANG XIAOQIN បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍសមត្ថភាព យុវជន ជំនាន់ក្រោយ ព្រោះថាពួកគេនឹងក្លាយទៅជាអ្នកបន្តនិរន្តរភាពនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរនាថ្ងៃអនាគត។ ឯកឧត្តមមានប្រសាសន៍ថា “ជាមួយនឹងយុវជន ដែលមានសក្តានុពល យើងនឹងអាចបន្តនិរន្តរភាពនៃទំនាក់់ទំនងទ្វេភាគីរបស់ប្រទេសយើងទាំងពីរឱ្យបានកាន់តែប្រសើរ”។
ជម្រាបជូនឯកឧត្តមអភិបាលរងខេត្ត លោក ហ៊ុន ម៉ានី បានរំលឹកឡើងវិញ ពីទំនាក់ទំនងដ៏មានអត្ថន័យរវាងកម្ពុជា និងចិន ដែលត្រូវបានផ្តួចផ្តើមឡើងកាលពី ៥៦ ឆ្នាំមុន ដោយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងឯកឧត្តមប្រធាន MAO TZE DUNG និងឯកឧត្តម ជូ អេនឡាយ។ លោកបានបន្តថា ទំនាក់ទំនងដ៏ល្អនេះបានបន្តរហូតមកដល់បច្ចុប្បន្ន និងបានក្លាយទៅជាទំនាក់ទំនងគ្រប់ជ្រុងជ្រោយនាឆ្នាំ ២០១០ ក្រោមការផ្តួចផ្តើមរវាង សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន លោកប្រធានាធិ-បតី ZHANG XIAMING និងលោកនាយករដ្ឋមន្ត្រី WEN JIABAO។ ទំនាក់ទំនងនេះបានក្លាយទៅជាទំនាក់ទំនង មិនត្រឹមតែរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលទេ ប៉ុន្តែថែមទាំងរវាងប្រជាជន និងប្រជាជន ពិសេសយុវជន និងយុវជនទៀតផង។ លោកបានបន្ថែមថា ការរីកចម្រើនយ៉ាង ឆាប់រហ័សរបស់ប្រទេសចិន (CHINESE MIRACLES) បានផ្តល់ផលយ៉ាងវិជ្ជមានយ៉ាងខ្លាំងដល់ទំនាក់ទំនាក់ទ្វេភាគីនេះ ជាពិសេសដល់វិស័យសេដ្ឋកិច្ចកម្ពុជា ក្នុងពេលដែលប្រទេសនេះបើកចំហរទីផ្សាសេរី និងមានប្រព័ន្ធច្បាប់អនុគ្រោះដល់វិនិយោគិន។
តាងនាមឱ្យគណៈប្រតិភូយុវជនកម្ពុជា លោកហ៊ុនម៉ានីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ZHANG XIAOQIN ដែលបានអនុញ្ញាតឱ្យក្រុមប្រតិភូ បានចូលជួបដើម្បីសម្តែងការគួរសម និងដកស្រង់បទពិសោធន៍ការងារ។ លោកបានបញ្ជាក់ថា យុវជនកម្ពុជាជំនាន់ក្រោយ នឹងបន្តចងចាំនូវទំនាក់ទំនងដ៏មានអត្ថន័យនេះ និងប្តេជ្ញាចូលរួមចំណែកបន្ថែមទៀតក្នុងការបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនងនេះឱ្យកាន់តែមានអត្ថន័យសម្រាប់ប្រទេសទំាងពីរ។