ទីក្រុងណាននីងខេត្តក្វាងស៊ី: ក្នុងជំនួបជាមួយនឹងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យសញ្ជាតិ“Guangxi University for Nationalities” នៃខេត្តក្វាងស៊ីGuangxi សាធារណរដ្ឋប្រជាមានិតចិនកាលពីព្រឹកថ្ងៃសុក្រទី៩ ខែមករាឆ្នាំ២០១៥លោកហ៊ុនម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងជាប្រធានគណៈប្រតិភូយុវជន កម្ពុជាមានប្រសាសន៍ថា“ប្រទេសចិនជាប្រទេសធំនិងមានអំណាចសេដ្ឋកិច្ចខ្លាំងប៉ុន្តែមិនដែលរើសអើងនឹងប្រទេសតូចឡើយ” រួមទាំងប្រទេសកម្ពុជាផងដែរ។
លោកហ៊ុន ម៉ានីបានមានប្រសាសន៍ដូចនេះក្នុងឱកាសបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យសញ្ជាតិនៃទីក្រុងណាននីងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីបញ្ហានានារបស់យុវជននិងដើម្បីសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យនេះ។នៅក្នុងជំនួបជាមួយសមភាគីរបស់លោកគឺឯកឧត្តម Zhong Haiqing សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសញ្ជាតិលោកហ៊ុន ម៉ានី បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរជាពិសេស ការយកចិត្តទុកដាក់របស់ប្រទេសចិនក្នុងការជួយអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍និងការបង្កើតឲ្យមានកម្មវិធីផ្លាស់ប្តូរយុវជននាពេល កន្លងមក។ លោកបានគូសបញ្ជាក់ថាការយកចិត្តទុកដាក់ចំពោះយុវជនគឺមានសារៈសំខាន់ណាស់ព្រោះពួកគេគឺជាយុវជននាពេលបច្ចុប្បន្ននិងជាអ្នកដឹកនាំនា ពេលអនាគតដែលនឹងត្រូវជាអ្នកបន្តអភិវឌ្ឍនិងធ្វើឲ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងទិសដៅនេះលោកហ៊ុនម៉ានី បានស្នើឲ្យសាកល វិទ្យាល័យពិចារណាបន្ថែមចំនួនអាហារូបករណ៍ដល់យុវជនកម្ពុជានិងជួយបន្តការយកចិត្តទុកដាក់ចំពោះនិស្សិតកម្ពុជាប្រមាណ៤៣នាក់់ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យនោះ ។
ជាការឆ្លើយតបឯកឧត្តម Zhong Haiqin សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសញ្ជាតិ បានទទួលយកសំណើនេះនិងបានធ្វើការប្តេជ្ញាចិត្តក្នុងការជំរុញឲ្យមានកិច្ច សហប្រតិបត្តិការកាន់តែទូលំទូលាយជាមួយបណ្តាគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។
គួរបញ្ជាក់ថាសាកលវិទ្យាល័យសញ្ចាតិនៃទីក្រុងណាននីងបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាប្រមាណ២៦នាក់ជារៀងរាល់ឆ្នាំ។រហូតមកដល់ពេលនេះមាន និស្សិតកម្ពុជាចំនួន២១៤នាក់ហើយដែលបានទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យនេះ។ជាងនេះទៅទៀតសាកលវិទ្យាល័យសញ្ជាតិនៃខេត្តក្វាងស៊ី បានបើក កម្មវិធីសិក្សាភាសាខ្មែរតាំងពីឆ្នាំ២០០០ ដែលនិស្សិតនៅក្នុងកម្មវិធីនោះត្រូវសិក្សារយៈពេល៣ឆ្នាំនៅក្នុងប្រទេសចិននិង១ឆ្នាំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រទេស កម្ពុជា។