នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចលើកដំបូងរបស់ គណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធយុវជនទូទាំងប្រទេសចិន ( ACYF) ដឹកនាំដោយឯកឧត្តម He Junke មកកាន់ប្រទេសកម្ពុជា។ ជំនួបរវាងប្រធានយុវជននៃប្រទេសទាំងពីរ គឺដើម្បីស្វែងយល់ពីគ្នាបន្ថែមលើសក្តានុពលយុវជន និងរួមគ្នាពិភាក្សា សិក្សាពីឱកាសនៃកិច្ចសហការនានា ដែលផ្តល់ប្រយោជន៍ដល់ធនធានមនុស្សនៃប្រទេសទាំងពីរ។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា តាមរយៈភាពជាដៃគូល្អ មិត្តភក្តិល្អ និងអ្នកជិតខាងល្អរវាងស្ថាប័នយុវជនទាំងពីរ ក៍ដូចជាប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់នឹងត្រូវបានសិក្សា និងរៀបចំឡើងដើម្បីជាវេទិកាផ្សាភ្ជាប់យុវជននៃប្រទេសកម្ពុជា-ចិន ជាពិសេសជំរុញបន្ថែមនូវការផ្លាស់ប្តូរបទពិសោធន៍ មិនថាលើវិស័យ អប់រំ វប្បធម៌ សេដ្ឋកិច្ច និងសហគ្រិនភាព។