សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមចំណែកជាមួយប្រជាជាតិកម្ពុជាទាំងមូលក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដែលទ្រង់បានយាងចូលព្រះទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយព្រះជរាពាធ។
សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ សូមសម្តែងនូវកតញ្ញុតាធម៌គោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ដែលជានិច្ចជាកាលព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា និងបានបូជាអ្វីៗគ្រប់យ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជារាស្រ្តជាកូន ជាចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ដើម្បីសេចក្ដីសុខសាន្ត និងភាពរុងរឿងរីកចម្រើននៃប្រជាជាតិកម្ពុជាទាំងមូល។
ទោះ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” បានឃ្លាតចាកទៅអស់រយៈពេល ៦ ឆ្នាំហើយក្ដី ប៉ុន្តែ ព្រះមហាវីរភាព និងព្រះមហាគំរូដ៏ឆ្នើម ព្រមទាំងទឹកព្រះទ័យដ៏ល្អប្រពៃ ឧត្តុង្គឧត្តមថ្លៃថ្លារបស់ព្រះអង្គ ឋិតនៅដិតជាប់ជានិច្ចនៅក្នុងស្មារតី និងក្រអៅបេះដូងរបស់ទូលព្រះបង្គំយើងខ្ញុំជាយុវជនទាំងអស់គ្នា ហើយពិតជានឹងនៅស្ថិតស្ថេរគង់វង្សជារៀងដរាបរៀងទៅ។