លោក ហ៊ុន ម៉ានី ក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) បានឡើងទៅទទួលរង្វាន់ «The ASEAN People’s Award» «រង្វាន់ប្រជាជនអាស៊ាន» ត្រូវបានបង្កើតឡើងដើម្បីលើកទឹកចិត្តដល់ស្ថាប័ន និងពលរដ្ឋនៅតំបន់អាស៊ីអាគ្នេយ៍ ទាក់ទងនឹងការខិតខំប្រឹងប្រែងក្នុងការកសាងសមត្ថភាព រួមមានកិច្ចការនយោបាយ សង្គម វប្បធម៌ សេដ្ឋកិច្ច អប់រំ យុវជន និងការបំពេញការងារស្ម័គ្រនៅតាមសហគមន៍ជាដើម។
រង្វាន់ដែលមានទឹកប្រាក់១ម៉ឺនដុល្លារអាមេរិកនេះ ត្រូវផ្តល់ឲ្យរាល់ជ័យលាភីនៃរដ្ឋនីមួយៗ ដើម្បីជំរុញទឹកចិត្តពួកគេបន្តសកម្មភាពរបស់ខ្លួន។ សហភាពសហព័ន្ធយុវជនកម្ពុជា របស់លោក ហ៊ុន ម៉ានី ត្រូវបានជ្រើសរើសតំណាងឲ្យកម្ពុជាក្នុងការទទួលរង្វាន់នេះ ហើយបានលោកទទួលលិខិតបញ្ជាក់ពីលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២ ខែវិច្ឆិកា កន្លងមក។
ក្រសួងការបរទេសបញ្ជាក់ថា ការផ្តល់ជ័យលាភីនេះ គឺបន្ទាប់ពីឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈកម្មាធិការដែលបានកត់សម្គាល់ពីស្នាដៃលេចធ្លោរបស់ សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងការចូលរួមអភិវឌ្ឍសង្គម និងយុវជន រួមទាំងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសមាជិកអាស៊ាន។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឪពុកបង្កើតរបស់លោក ហ៊ុន ម៉ានី ក៏ធ្វើការផ្សាយផ្ទាល់ផងដែរតាមរយៈហ្វេសប៊ុករបស់ខ្លួន នៅពេលដែលកូនប្រុសឡើងទៅទទួលរង្វាន់៕