ថ្ងៃនេះជាថ្ងៃបើកទំព័រថ្មីនៃជំហានឈានទៅរកភាពជោគជ័យរបស់ប្អូនៗ សិស្សានុសិស្សទាំងអស់។ សូមប្អូនៗ ព្យាយាមយកចិត្តទុកដាក់ ស្តាប់ការទូន្មាន ការបង្ហាត់បង្រៀន ដំបូន្មានរបស់លោកគ្រូអ្នកគ្រូ និងស្វះស្វែងខ្លួងឯងស្វ័យសិក្សាបន្ថែមដើម្បីបង្កើនពុទ្ធិ និងជំនាញផ្ទាល់ខ្លួន (ទាំងជំនាញមូលដ្ឋាន និងជំនាញទន់)។ ដំណើរជីវិតនៃការអប់រំនេះជាទុនដ៏សំខាន់ក្នុងការបណ្តុះបណ្តាលខ្លួនឲ្យក្លាយជាធនធានមនុស្សបន្តវេនប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ ភាពស្មោះត្រង់ និងភាពជាខ្មែរដែលស្គាល់ច្បាស់ពីទំនៀមទំលាប់ ប្រពៃណី និងទទួលស្គាល់សច្ចធម៌ប្រវត្តិសាស្ត្រប្រកបដោយភាពជឿជាក់ ហើយបន្តជឿជាក់លើកម្ពុជាទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
ឆ្លៀតក្នុងឱកាសនេះផងដែរ សហភាពសហព័ន្ធយុវជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ មាតាបិតា អាណាព្យាបាល ព្រមទាំងលោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ដែលបានចំណាយពេលវេលា ធនធាន ក្តីស្រឡាញ់ និងការអប់រំដល់អ្នកបន្តវេនរបស់យើងប្រកបដោយភាពទទួលខុសត្រូវ សមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ដែលឈានទៅដល់ការសម្រេចគោលដៅមួយក្នុងការធានាឲ្យបាននូវមនសិការស្នេហាជាតិ និងវឌ្ឍភាពសម្រាប់សង្គមកម្ពុជា។