ថ្ងៃស្អែកនេះ​ កម្ពុជានឹងកាន់កាប់​ឯតទគ្គកម្ម​​​ពិភព​​លោក​ថ្មី​មួយ​ទៀត​​

កំណត់ត្រាពិភពលោកថ្មី ដែលជាទូកងវែងជាងគេលើពិភពលោកនឹងត្រូវបានគណៈកម្មការ Guinness World Records មកធ្វើការវាយតម្លៃ​នៅថ្ងៃស្អែក ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតំបន់ទីប្រជុំជនអ្នកលឿងត្រើយខាងកើត ស្ថិត​ក្នុង​ឃុំ​ព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង។

កម្ពោជិកបុត្តាខេមរាតរី មានន័យថាទូកង របស់កូនខ្មែរក្នុង ដែន​កម្ពុជា ជាទូកង ដែល វែង​ជាង​គេ​លើ​ពិភពលោក កសាង​ឡើង​ដោយ​កូន​ខ្មែរ​ជាង ១ម៉ឺន​៤ពាន់នាក់ ដែល​បាន​ប្រើ​ប្រាស់​រយៈពេល ១៩២ថ្ងៃ​ដើម្បី​សាង​សង់។ ទូកង ខ្មែរ​នេះ​មាន​ប្រវែង​ ៨៧,៣ ​ម៉ែត្រនេះ ធ្វើ​ឡើង​ដោយដើម​គគីរចំនួន ៦ ដើម មានទ​ទឹង១,៩៤ម៉ែត្រ ជម្រៅ០,៨០ម៉ែត្រ ដែល​អាច​ផ្ទុក​​ចំណុះ​​ទូក​​បាន​​១៧៩នាក់។ ទូកនេះ​ផលិត​ឡើង​តាមរ​ចនាបទ និង​បច្ចេកទេសរបស់កូនខ្មែរ​ ដែល​ក្បាល​ទូក​លម្អ​​ដោយ​​ចម្លាក់​​ក្បាល​​រូប​នាគ​ និង​​កន្សៃ​ទូកផ្នែក​ខាង​ក្រោយ​លម្អ​ដោយ​ចម្លាក់​ក្បាច់​កន្ទុយហង្ស។


 

ការ​ផលិត​ទូកង នេះ​មានគោល​បំណង​ដើម្បីរំលឹក​ឡើង​វិញ​នូវ​ប្រវត្តិ​ដ៏យូរ​លង់​នៃការ​ផលិត និង​ការ​ប្រើប្រាស់​ទូកង របស់​​ខ្មែរ​​តាំង​​ពី​បុ​រាណ ក៏​​ដូចជា​​រំលឹក​ដល់​ស្នា​ព្រះហស្ថ​របស់​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ជំនាន់ ជា​ពិសេស​ព្រះ​បាទ​ជ័យ​វរ្ម័យ​ទី៧ ដែល​​​បាន​​ប្រើ​ប្រាស់​ទូកង ជា​​​មធ្យោបាយ​​​​ក្នុង​​ការ​​​ធ្វើ​សឹក​​សង្គ្រាម​​​ជាមួយ​​សត្រូវ​​ដើម្បី​​ការពារ​​បូរណ​ភាព​ទឹកដី។ ជាមួយគ្នា​នេះ​ទូកងនេះ ក៏មាន​​គោល​បំណង​​​លើក​​តម្កើង​កិ​ត្យានុ​ភាព​​ជាតិ​តាម​រយៈ​ស្នាដៃ​ដ៏អស្ចារ្យ​ដែល​ផលិត​ដោយ​កូនខ្មែរ និង​ជម្រុញ​ស្មារតី​ស្នេហា​ជាតិ និង​​សាមគ្គី​ភាព​​​នៃ​​យុវជន​​​ជា​​កូន​​ចៅ​​ជំនាន់​​ក្រោយ ក្នុង​ការ​ថែរក្សា និងអភិរក្ស​កេរ​តំណែល​ពីដូនតា។

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការបំបែកកំណត់ត្រានឹងមានកម្មវិធីជា​ច្រើន​អម​ជាមួយ​គ្នាដែល​មាន​ដូចជា កម្មវិធីសម្តែងសិល្បៈ និង​របាំ​​កម្សាន្ត ការអុំទូក ការពិនិត្យ​វាយតម្លៃ និងប្រកាស​លទ្ធផល ពិធី​ប្រណាំង​ទូកង​​ខេត្តព្រៃវែង រួម​ជាមួយ​ការ​ប្រគំ​តន្រ្តី​កម្សាន្ត និង​ការ​​​បាញ់​​កាំ​ជ្រួច​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​​ចូល​រួម​​ជាសាក្សី ក៏ដូចជា​​អប​​អរ​សាទរ​​ទាំង​អស់​គ្នាជា​​មហាគ្រួសារ​​ខ្មែរ​​ផ​ងដែរ។