អំបាញ់មិញនេះ គណៈកម្មការវាយតម្លៃ Guinness World Records បានប្រកាសថា “អបអរសាទរកម្ពុជា អ្នកមានឯតទគ្គកម្ម ទូកងវែងជាងគេលើពិភពលោក ដែលមានប្រវែង ៨៧.៣ ម៉ែត្រ”។
សំឡេងសាទរប្រជាពលរដ្ឋ ហូរកញ្ជ្រៀវ និងសាទរសប្បាយរីករាយរបស់ចំណុះទូកបានលឺឡើងកងរំពងនៅតំបន់ទីប្រជុំជនអ្នកលឿង។ អបអរសាទរដល់ការខិតខំប្រឹងប្រែងរបស់របស់យុវជន និងអាជ្ញាធរមូលដ្ឋានក្នុងខេត្តព្រៃវែង ក្នុងការចូលរួមចំណែកជួយលើកតម្កើងកិត្យានុភាពជាតិលើឆាកអន្តរជាតិ។
ទូកងដែលកូនខ្មែររួមគ្នាផលិត មានប្រវែងវែងជាងគេលើពិភពលោកត្រូវបានប្រសិទ្ធនាមថា កម្ពោជិកបុត្តាខេមរាតរី ដែលមានន័យថាទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា។ កម្ពោជិកបុត្តាខេមរាតរី មានបណ្តោយប្រវែងសរុប ៨៧,៣០មែត្រ និងទទឹងប្រវែង ១,៩៤មែត្រ ដែលអាចផ្ទុកចំណុះទូកបានចំនួនសរុប ១៧៩នាក់។ ទូកងនេះផលិតឡើងតាមរចនាបថ និងបច្ចេកទេសរបស់កូនខ្មែរ ដែលក្បាលទូកលម្អដោយចម្លាក់រូបក្បាលនាគ និងកន្សៃទូកផ្នែកខាងក្រោយ លម្អដោយចម្លាក់ក្បាច់កន្ទុយហង្ស។
ការរៀបចំកម្មវិធីផលិតដើម្បីបំបែកឯតទគ្គកម្មទូកងវែងជាងគេលើពិភពលោក មានគោលបំណង (១) រំលឹកឡើងវិញនូវប្រវត្តិដ៏យូរលង់នៃការផលិតនិងការប្រើប្រាស់ទូកង របស់ខ្មែរតាំងពីសម័យបុរាណ ជាពិសេសរំលឹកឡើងនូវស្នាព្រះហស្ថរបស់ព្រះមហាក្រត្សខ្មែរគ្រប់ជំនាន់ក្នុងការប្រើប្រាស់ទូកងជាមធ្យោបាយមួយក្នុងការការពារទឹកដី (២) ជួយលើកតម្កើងកិត្យានុភាពជាតិដោយបង្ហាញពិភពលោកទាំងមូលឲ្យបានដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើតស្នាដៃដ៏អស្ចារ្យមួយនិង (៣) ជំរុញស្មារតីស្នេហាជាតិ និងសាមគ្គីជាតិនៃយុវជនជាកូនចៅជំនាន់ក្រោយក្នុងការថែរក្សា និងអភិរក្សកេរដំណែលពីដូនតា។
វត្តមានរបស់ កម្ពោជិកបុត្តាខេមរាតរី ជានិមិត្តរូបនៃព្រលឹងដូនតា ដែលស្ថិតនៅជាមួយយើងជាអមតៈ និងជាសក្ខីភាពបង្ហាញថា “ខ្មែរសាមគ្គី ខ្មែរឈ្នះ”។ ស្នាដៃដ៏អស្ចារ្យនេះ នឹងរួមចំណែកលើកតម្កើងកិត្យានុភាពជាតិលើឆាកអន្តរជាតិនិងជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈវិស័យទេសចរណ៍។ ជាមួយនេះដែរ កំណត់ត្រាថ្មីនេះនឹងបង្ហាញពិភពលោកអោយដឹងថា កម្ពុជាកំពុងស្ថិតក្នុងបរិយាកាសសប្បាយរីករាយនឹងសុខសន្តិភាពនិងអភិវឌ្ឍឥតឈប់ឈរក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលមួយ ដែលកើតចេញពីឆន្ទៈប្រជាពលរដ្ឋក្រោយការបោះឆ្នោតជាតិនាពេលថ្មីៗកន្លងទៅនេះ។
កម្ពុជាមានប្រវត្តិកងទ័ពជើងទឹកដ៏ខ្លាំងពូកែ ហើយការប្រើប្រាស់ទូកដើម្បីធ្វើសឹកសង្គ្រាម ត្រូវបានព្រះមហាក្សត្រខ្មែរសម័យក្រោយៗមកទៀតប្រើប្រាស់ជាហូរហែរហូតដល់មានការហ្វឹកហ្វឺនធ្វើសមយុទ្ធ ជាប្រចាំ។ ក្រោយមកពិធីសមយុទ្ធនោះបានក្លាយជាពិធីប្រណាំងទូក ឬពិធីបុណ្យអុំទូក ដែលតែងតែប្រារព្វធ្វើនៅថ្ងៃ១៥កើតខែកត្តិកជារាងរាល់ឆ្នាំ។
និយាយរួមការផលិតនិងប្រើប្រាស់ទូកមានប្រវត្តិពាក់ព័ន្ធជាច្រើនទៅនឹងប្រជាជន ក៏ដូចជាទៅនឹងទឹកដីនៃប្រទេសកម្ពុជា តាំងតែពីសម័យបុរេប្រវត្តិម្ល៉េះ។ មូលហេតុទាំងនេះបានបណ្តុះឆន្ទៈនិងជំរុញទឹកចិត្តយុវជន កូនចៅជំនាន់ក្រោយប្តេជ្ញារួមគ្នាផលិតទូកងមួយដែលមានប្រវែងវែងជាងគេលើពិភពលោក។
ហេតុអ្វីទូកង
ទូកមានប្រវត្តិដ៏យូរលង់មកហើយនៅប្រទេសកម្ពុជា គឺនៅមុនជនជាតិឥណ្ឌា ចូលមកប្រទេសកម្ពុជាទៅទៀត(គឺនៅរវាង ៣០០ ទៅ ១០០ ឆ្នាំមុនគ្រិស្តសករាជ)។ តាមឯកសារប្រវត្តិសាស្ត្រជាច្រើនបញ្ជាក់ថា នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ មានតែជនជាតិខ្មែរមួយប៉ុណ្ណោះដែលអាចស្គាល់ និងចេះផលិតទូកងមុនគេ ហើយដែលកំពុងពេញនិយម តរហូតដល់បច្ចុប្បន្ន។
ក្រៅពីការប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹក ការនេសាទ នឹងការដឹកជញ្ជូន ទូកត្រូវបានព្រះមហាក្សត្រខ្មែរជាច្រើនជំនាន់ ជាពិសេសព្រះបាទជ័យវរ្ម័នទី៧ (សតវត្សរ៍ទី១២) បានប្រើប្រាស់ជាមធ្យោបាយសម្រាប់ធ្វើសឹកសង្គ្រាមជាមួយសត្រូវដើម្បីការពារបូរណភាពទឹកដីដោយមានភស្តុតាងជាចម្លាក់តាមជញ្ជាំងប្រាសាទនានាជាច្រើន ដូចជានៅប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើម។
កំណត់ត្រាមួយចំនួនអំពីទូក
តាមការស្រាវជ្រាវ ទូកងខ្មែរមានប្រវែងខុសៗគ្នាប្រែប្រួលទៅតាមសម័យកាល និងគោលបំណងនៃការប្រើប្រាស់។ នៅសម័យនគរភ្នំនាសតវត្សរ៍ទី៥នៃគ្រិស្តសករាជកំណត់ហេតុក្នុងសន្តតិវង្សភាគខាងត្បូងនៃប្រទេសចិនបានបញ្ជាក់ថា ទូកបុរាណខ្មែរមានបណ្តោយប្រវែងពី២៤ ទៅ ២៥ម៉ែត្រ និងទទឹងពី១,៥ ទៅ១,៨ម៉ែត្រ។ នៅសម័យអង្គរក្នុងឆ្នាំ១១៧៧ ទូកចម្បាំងខ្មែរមានបណ្តោយប្រវែង១៧ ទៅ២៧ម៉ែត្រ និងមានចំណុះទូកដែលអាចផ្ទុកកងទ័ពជើងទឹកបានប្រមាណពី១៥ ទៅ២១នាក់។
មកទល់នឹងដើមសតវត្សរ៍ទី២១នេះទោះបីប្រជាពលរដ្ឋខ្មែររស់នៅក្នុងសម័យកាលមួយប្រកបដោយវិទ្យាសាស្ត្រជឿនលឿន ប៉ុន្តែរូបរាង និងទម្ងន់ទូកងពុំសូវមានការផ្លាស់ប្តូរឡើយ។ ទូកងវែងជាងគេ ដែលប្រជាពលរដ្ឋយកទៅចូលរួម ក្នុងពិធីបុណ្យអុំទូករៀងរាល់ឆ្នាំ មានបណ្តោយប្រវែង ៣៦,៤០ម៉ែត្រ និងទទឹងប្រវែង ១,៣០ម៉ែត្រ ដែលអាចផ្ទុះចំណុះបានចំនួន ៧១នាក់ (គិតត្រឹមឆ្នាំ២០១៧) រីឯរចនាបថទូកតាំងពីបុរាណក៏ដូចជានៅបច្ចុប្បន្នចម្លាក់លម្អក្បាលទូកមានរាងជាក្បាលគ្រុឌ ក្បាលនាគ ឫក្បាលហង្ស រីឯនៅកន្សៃផ្នែកខាងក្រោយ មានភាគច្រើនលម្អដោយក្បាច់កន្ទុយនាគ ឬក្បាច់កន្ទុយហង្ស។
នៅឆ្នាំ២០១៦ តាមឯកសារ Guinness World Rocords ទូកនាគរបស់ចិនបានបំបែកកំណត់ត្រាឯតទគ្គកម្ម ទូកវែងជាងគេលើពិភពលោកមានប្រវែង ៧៧,៨០ម៉ែត្រ និងទទឹងប្រវែង ២,៦០ម៉ែត្រ ដែរអាចផ្ទុកចំណុះបានចំនួនសរុប ១៦៨នាក់។