យុវជនជ័យលាភី ១០ រូប ត្រូវបានជ្រើសរើសចូលរួមកម្មវិធី «គ្រាប់ពូជដើម្បីអនាគត» នាថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងប៉េកាំង និងទីក្រុងសិនជិន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឆ្នាំនេះ បេក្ខជនដែលជាសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាបានឆ្លងកាត់ការប្រកួតប្រជែងក្នុងកម្មវិធីសំណេរ និងបកស្រាយផ្ទាល់មាត់ក្រោមប្រធានបទ «តើយុវជនត្រូវត្រៀមខ្លួនរបៀបណាក្នុងបរិបទសេដ្ឋកិច្ចឌីជីថល?»។
ក្នុងឱកាសនៃពិធីបើកកម្មវិធី «គ្រាប់ពូជដើម្បីអនាគត» នៅសណ្ឋាញគារ រ៉ូសវូដ នៅថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ២០១៨ នេះ ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក និងជាតំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមអបអរសាទរ និងណែនាំឲ្យប្អូនបេក្ខជនទាំងអស់យកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេសលើជំនាញ ICT និងឆ្លៀតឱកាសស្វែងយល់ឲ្យកាន់តែច្បាស់អំពីទំនាក់ទំនងរវាងប្រជាជន និង ប្រជាជន ក៏ដូចជាទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋនៃប្រទេសទាំងពីរ។
សូមជម្រាបផងដែរថា កម្មវិធី «គ្រាប់ពូជដើម្បីអនាគត – Seed for the Future» កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក្នុងគោលបំណងផ្តល់ឱកាសអោយយុវជនទទួលបានការសិក្សា និងអនុវត្តផ្ទាល់លើជំនាញបច្ចេកវិទ្យាសារគមនាគមន៍ (ICT) ព្រមទាំងទទួលបានការសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ ក៏ដូចជាការវិវត្តថ្មីរបស់ប្រទេសចិន និងប្រជាជនចិនផងដែរ។