វត្តមាន​ប្រទីប​នៃសហភាព​សហព័ន្ធ​យុវជន​កម្ពុជាជាលើក​ទី​១​

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

«វត្តមានប្រទីបនៃសហភាពសហព័ន្ធយុវជនកម្ពុជា

ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និងសំពះព្រះខែ អកអំបុក »

សហភាពសហព័ន្ធយុវជនកម្ពុជា សូមជម្រាបជូនដំណឹង​ដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និង​សាធារណជន​អោយ​បាន​ជ្រាប​ថា នៅក្នុ​ង​ឆ្នាំ២០១៨នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មាន​កិត្តិយស​ដ៏ខ្ពង់ខ្ពស់​​ចូល​រួម​ជាវត្តមាន​​លើកទី១ នូវ​ប្រទីប​នៃសហភាពសហព័ន្ធយុវជន​កម្ពុជា ក្នុង​ព្រះរាជ​ពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និងសំពះព្រះខែ អកអំបុក ដែល​នឹងប្រារព្ធឡើងចាប់ពីថ្ងៃ ១៤កើត ដល់ ១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។  

ប្រទីបនៃសហភាពសហព័ន្ធយុវជនកម្ពុជា រំលេចជារូបភាព “នាវាកម្ពុជា”  ដែលជានាគរាជដ៏អង់អាច និងប្រកបដោយ​​ការ​​តុបតែង​​លំអ​​យ៉ាងរស់រវើក ជានិមិត្តរូបនៃភាពត្រជាក់ត្រជុំ ជាស្ពានចម្លងពីឋានមនុស្សនិងឋានទេវតា និងជានិមិត្តរូបនៃការការពារនិងថែរក្សាសម្បតិ្តប្រកបដោយមហិទ្ធិឫទ្ធិ ហើយនៅលើ “នាវាកម្ពុជា” មានទង់នៃព្រះរាជាណាចក្រកម្ពុជាដ៏ធំមួយ និងអណ្តែតលើភ្លើងពណ៌ខៀវតំណាងដល់ មហាសមុទ្រ។

នៅខាងលើ នាវាកម្ពុជា មានរំលេចរូបរចនាតំណាងដល់ប្រាង្គប្រាសាទអង្គរវត្ត ព្រះបរមរាជវាំង វិមានឯករាជ្យ វិមានរដ្ឋសភា វិមានសន្តិភាព វិមានឈ្នះ-ឈ្នះ និង​វិមាន​អនុស្សាវរីយ៍​រណសិរ្ស​២ធ្នូ  ដែល​ជ​ាតំណាង​​​ដល់​ភាព​ជោគជ័យ រុងរឿង និងអភិវឌ្ឍន៍​លើខឿន​វប្បធម៌ អរិយធម៌ និង​ប្រវត្តិសាស្រ្ត ដ៏រឹង​ម​ាំនៃ​ព្រះរាជាណាចក្រកម្ពុជា។ ក្នុង​ន័យ​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​លើក​តម្កើង​ស្មារតី​ស្ម័គ្រ​ចិត្ត ភាព​ជ​ាម្រូ និង​ការ​បន្ត​វេន​​​នៃ​យុវជន​កម្ពុជា គឺ “យុវជន​ក្នុង​បុព្វហេតុ​មាតុភូមិ” ក្នុង​ការ​ថែរក្សា​សមិទ្ធិផល​ដែ​ល​​​បាន​កសាង​​​កន្លង​មក​ប្រកប​មោទនភាព និង​បន្ត​អភិវឌ្ឍជាតិ​កម្ពុជា​មួយ ដែល​ជាអនាគត​រួមគ្នា និងជោគវាសនារួមគ្នា។

ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាដ៏ធំ លាតសន្ធឹងនៅលើ “នាវាកម្ពុជា” ជាតំណាងដល់មហាសាមគ្គី​នៃ​យុវជន និង​ប្រជាជាតិ​កម្ពុជា​ក្នុង​ការ​រួមគ្នា​ជួយ​ដល់​ប្រទេស​ជាតិ​អោយ​មាន​ការ​រីក​ចម្រើន​ទៅមុខ​ ជាមួយ​​​នឹង​ការ​ដាក់​ឧត្តម​ប្រយោជន៍​ជាតិ​ជាធំ។ រំលេច​ជាមួយ​ពាក្យ “យើងជឿជាក់លើ​ព្រះរាជា​ណាចក្រ​​​​​កម្ពុជា” ជាកត្តា​បញ្ជាក់​ថា​យុវជន​ជាសមាជិក សមាជិកា នៃសហភាព​សហព័ន្ធ​យុវជន​កម្ពុជា    ប្តេជ្ញា​​​ចូល​រួម​​​ជម្រុញ “នាវាកម្ពុជា” អោយឆ្ពោះទៅមុខដោយស្មារតី នៃការ​ជឿជាក់​លើព្រះរាជាណាចក្រកម្ពុជា។ 

ឆ្នាំ១៩៥៣ – ២០១៨ជាតំណាងដល់ការអបអរសាទរនៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រ​​កម្ពុជាគំរប់ខួបលើកទី៦៥ឆ្នាំ។ 

គួររំលឹកផងដែរថា សហភាពសហព័ន្ធយុវជនកម្ពុជា ជារណសិរ្សទូលំទូលាយនៃយុវជនកម្ពុជា ដែលបាន​​បន្ត​បេសកកម្ម​ពីសមាគម​យុវជន​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា និង​សមាគម​យុវជន​កម្ពុជា ដែល​បាន​​បដិសន្ធិ​នៅ​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុង​គោល​ដៅ​សំខាន់​បំផុត​ដើម្បី​ប្រមូល​ផ្តុំ​យុវជន​គ្រប់​ទិសទី ​ជា​មហា​​កម្លាំង​សាមគ្គី ក្នុង​ការ​រួម​ចំណែក​កសាង​ប្រទេស​កម្ពុជា​មួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។  

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០៩៦ ៩៩៩ ៣៩៣៣ ឬ ០៨៦ ៣០០ ៣៧៧។