ស.ស.យ.ក រៀបចំ​មហាសន្និបាត​តំណាង​ទូទាំង​ប្រទេស លើកទី៤ ស្របនឹងខួប៤០​ឆ្នាំ​នៃ​កំណើត​ខ្លួន

សេចក្តីជូនដំណឹង​

ស្តីពី
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ នៃសហភាពសហព័ន្ធយុវជនកម្ពុជា

សហភាពសហព័ន្ធយុវជនកម្ពុជា(ស...ក) មានកិត្តិយស  ​សូមជម្រាបជូន សាធារណជន សមាជិក សមាជិកា និង​អ្នក​សារព័ត៌មាន​​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹងរៀបចំមហា​សន្និបាត​​​តំណាង​​ទូទាំង​ប្រទេស​លើក​​ទី៤ ដែល​ស្រប​​នឹង​ខួបទី៤០ឆ្នាំ​របស់​ខ្លួន នៃការ​ប្រមូល​ផ្តុំ​យុវជន​គ្រប់​ទិសទី ​ជា​​មហា​​កម្លាំង​​សាមគ្គី ក្នុង​ការ​រួម​ចំណែក​កសាង​បន្ថែម និង​​​លើក​កម្ពស់​​ប្រទេស​កម្ពុជាជា​មួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។  ព្រឹត្តិការណ៍​​​មហា​សន្និបាតតំណាង​​ទូទាំង​ប្រទេស​លើក​ទី៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​ពីរ​ថ្ងៃ ចាប់​ពីថ្ងៃទី២៦ ដល់ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ សុខា​ភ្នំពេញនេះ នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​​ការ​បូកសរុប​ការងារឆ្នាំ២០១២២០១៨ និង​ទិសដៅ​​​ការងារ​ឆ្នាំ​២០១៨២០២៣ ព្រមទាំងការ​​បោះឆ្នោត​ជ្រើសតាំងសមាជិកគណៈកម្មាធិការកណ្តាល ជាមួយ​កិច្ច​ពិភាក្សា​ និងការអនុម័ត​លើការ​កែប្រែ​​​លក្ខន្តិកៈ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។

ព្រឹត្តិការណ៍​មហា​សន្និបាតតំណាងទូទាំងប្រទេស​លើកទី៤​នៃសហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​ប្រព្រឹត្ត​ទៅនៅ​ក្នុងពិធីបើក​ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងនៅ​ក្នុង​ពិធីបិទ ​ក្រោម​​​​អធិបតីភាព​​ដ៏​ខ្ពង់​​ខ្ពស់​​បំផុត​​​របស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន រួមដោយវត្តមាន​ឥស្សរជន​ជាន់​ខ្ពស់​កម្ពុជា​ជា​ច្រើន​រូប​ទៀត​ផងដែរ។

សហភាពសហព័ន្ធយុវជនកម្ពុជា  ជារណសិរ្សទូលំទូលាយនៃយុវជនកម្ពុជា ដែល​បាន​​បន្ត​​បេសកកម្ម​​ពីសមាគម​យុវជន​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា និង​សមាគម​យុវជន​កម្ពុជា ដែល​បាន​​​បដិសន្ធិ​​នៅ​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុង​គោល​ដៅ​សំខាន់បំផុត​ដើម្បី​ប្រមូល​ផ្តុំ​យុវជន​គ្រប់​ទិសទី ​ជា​​មហា​​កម្លាំង​​សាមគ្គី ក្នុង​ការ​រួម​ចំណែក​កសាង​ប្រទេស​កម្ពុជា​ជាមួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន សមាជិក សមាជិកា និងអ្នកសារព័ត៌មានជាតិ និង​អន្តរជាតិ​ទាំងអស់​​ជ្រាបជាព័ត៌មាន។ ​សម្រាប់ការចុះឈ្មោះចូលរួមយកព័ត៌មាន សូមទាក់ទងមកកាន់ លោក ទិត ច័ន្ទតារា តាម​រយៈ​​លេខ​​ទូរស័ព្ទ ០៩៦ ៩៩៩ ៣៩៣៣ ឬ កញ្ញា ដារ៉េត រ៉ូហ្សាលីន តាមរយៈលេខទូរស័ព្ទ​ ០៨១ ៨២០០៨១៕