ក្នុងឱកាសពិធីបើកមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤ សហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញភាពជឿជាក់មកលើយុវជន ស.ស.យ.ក. ជាធនធានមនុស្សដ៏មានសក្តានុពលក្នុងការបន្តដឹកនាំប្រទេសជាតិទៅអនាគត។ សម្តេចបានមានប្រសាសន៍ថា “ខ្ញុំមានជំនឿជាក់ថា ស.ស.យ.ក នឹងសម្រេចបាននូវសមិទ្ធិផលធំៗ និងថ្មីៗផ្សេងទៀត ក្នុងការអនុវត្តស្មារតី និងទិសដៅដែលមហាសន្និបាតលើកទី ៤ បានកំណត់។ ខ្ញុំបានសង្កេតឃើញថា ស.ស.យ.ក. បានដើរតួនាទីយ៉ាងសំខាន់ ក្នុងចលនាមហាជន ដើម្បីចូលរួមក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច នយោបាយ ចូលរួមអភិវឌ្ឍគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា នៅតាមវិស័យ និងគ្រប់មូលដ្ឋាននៅទូទាំងប្រទេស ព្រមទាំងបានចូលរួមចំណែកក្នុងការលើកស្ទួយមោទនៈភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។”
ជាការពិតណាស់ថា រយៈពេល៦ឆ្នាំចុងក្រោយនេះ សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេសបានសម្រេចការងារដើម្បីកម្ពុជាគួរជាទីមោទនៈ។ ក្នុងនោះស.ស.យ.ក. បានចូលរួមក្នុងការលើកតម្កើងវប្បធម៌ និងសាសនា (ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងការបំបែកឯតទគ្គកម្មពិភពលោកនានា…) ការជម្រុញការស្វែងយល់ពីប្រវត្តិសាស្ត្រ ការចូលរួមជាមួយវិស័យអប់រំ សកម្មភាពសង្គម និងមនុស្សធម៌ ការជម្រុញវិស័យកីឡា ការរឹតចំណងសាមគ្គីភាពជាមួយស្ថាប័នជាតិ និងអន្តរជាតិ និង យុទ្ធនាការដើម្បីកម្ពុជាជាច្រើនទៀត។
ក្នុងដំណើរបំពេញនូវបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួនបន្ទាប់ពីមហាសន្និបាតលើកទី៣ មកដល់បច្ចុប្បន្នទាំងមជ្ឍដ្ឋានជាតិ កម្រិតតំបន់ និងអន្តរជាតិបានទទួលស្គាល់នូវសមិទ្ធផលរបស់សហភាពសហព័ន្ធយុវជនកម្ពុជាដែលក្នុងនោះផងដែរ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានគ្រឿងឥស្សរិយយស មហាកណ្ឌាភណ្ឌឯករាជជាតិព្រះរាជាណាចក្រកម្ពុជាជូន ស.ស.យ.ក.។ ជាមួយគ្នានេះស.ស.យ.ក. ត្រូវបានទទួលស្គាល់ និងមានកិត្តិយសទទួលបានពានរង្វាន់ជាតិ និង អន្តរជាតិជាច្រើនទៀត ដូចជា ពានរង្វាន់ប្រជាជនអាស៊ាន ពានរង្វាន់សន្តិភាពអន្តរជាតិGUSI Peace Prize និងពានរង្វាន់ PADMA Shri ក៏ដូចជាការបំបែកកំណត់ត្រាជាពិភពលោកជាដើម។
នៅក្នុងឱកាសនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤នេះ ស.ស.យ.ក. នឹងដាក់ទិសដៅការងារបន្តអោយសមស្របទៅនឹងស្ថានភាពនៃការវិវត្តរបស់សង្គមកម្ពុជាជាក់ស្តែងដែលក្នុងដំណាក់កាល ៥ឆ្នាំទៅមុខនេះ កម្លាំង និងចំនួនយុវជននៅក្នុងស្រទាប់មហាជនក៏កាន់តែមានចំនួនកើនឡើង ខណៈដែលមានការវិវត្តផ្នែកបច្ចេកវិទ្យា សង្គម សេដ្ឋកិច្ចឥតឈប់ឈរ ដែលនឹងជះឥទ្ធិពលកាន់តែខ្លាំងទៅលើផ្នត់គំនិត និងតម្រូវការថ្មីៗរបស់យុវជន។