នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថាប័នរដ្ឋ ឯកជន យុវជន សង្គមសុីវិល សិល្បករ សិល្បការិនី និងសមាគមនានា បានសហការគ្នាចាប់ផ្តើមយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០១៩។ កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមពីសំណាក់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាស្ថាបនិកគម្រោងស្អាត លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានស.ស.យ.ក. ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង និងវត្តមានឯកឧត្តម លោកជំទាវ សហស្ថាបនិកគម្រោងស្អាត តំណាងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សិល្បករ សិល្បការិនីជាច្រើនរូបទៀត។
យុទ្ធនាការ «ភ្នំពេញស្អាត» គឺជាការប្រមូលផ្តុំតួអង្គពាក់ព័ន្ធ បង្កើតឲ្យមានសម្លេងតែមួយ ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យរួមគ្នាមួយ ពោលគឺ ភាពជាគំរូដែលផ្តើមចេញពីយើងទាំងអស់គ្នា ក្នុងការចូលរួមចំណែកលើកកម្ពស់បរិស្ថានស្អាត ជាពិសេសបញ្ជ្រាបអំពីបញ្ហាប្រឈម និងខិតខំស្វែងរកដំណោះស្រាយរួមមួយស្ដីពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ បេសកកម្ម និងផែនការសកម្មភាពចម្បងរបស់ យុទ្ធនាការ «ភ្នំពេញស្អាត» ផ្តោតជាសំខាន់លើការអប់រំស្តីពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ តាមរយៈការបញ្ជ្រាបសារ «ភ្នំពេញស្អាត» ដែលមានខ្លឹមសារ «សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»។
ថ្លែងក្នុងពិធីប្រកាសដំណើរការយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០១៩ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាសហស្ថាបនិកនៃគម្រោងស្អាត បានមានប្រសាសន៍ថា «ខ្ញុំពិតជាមានកិត្តិយស និងមានសេចក្តីរំភើបយ៉ាងខ្លាំងដែលបានចូលរួមជាមួយសហស្ថាបនិកនៃគម្រោងស្អាតដទៃទៀត ហើយយើងបានសហការគ្នា ដោយមានការជួយជ្រោមជ្រែងពីស្ថាប័នរដ្ឋ-ឯកជន ស្ថានទូត សមាគម ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាលជាច្រើនទៀត ប្រតិបត្តិចេញជាលទ្ធផល និងសមិទ្ធផលយ៉ាងគាប់ប្រសើរគួរជាទីមោទនៈ។ ជាងនេះទៅទៀត បេសកកម្មដើម្បីភ្នំពេញស្អាត ទាមទារឲ្យមានជាចាំបាច់នូវការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការធ្វើជាទូតសុឆន្ទៈស្អាត ហើយទទួលខុសត្រូវទាំងអស់គ្នាដើម្បីភាពស្អាត និងភាពស្រស់បំព្រងនៃបរិស្ថានជុំវិញ។» … «កង្វល់នៃបញ្ហាសំរាម មិនមែនបញ្ហាដោយឡែកតែនៅកម្ពុជានោះទេ ប្រទេសផ្សេងៗត្រូវការពេលវេលារាប់សិបឆ្នាំដើម្បីដោះស្រាយ ហើយការអបរំពិតជាមានសារសំខាន់ដើម្បីដោះស្រាយបញ្ហានេះ។ កម្ពុជាបានយកចិត្តទុកដាក់លើបញ្ហានេះ ជាមួយយន្តការ និងយុទ្ធនាការជាច្រើនរួចមកហើយ។ ប្រសិនបើយើងរួមគ្នាអោយបានស្រុះគ្នាកាន់តែច្រើន យើងនឹងអាចដោះស្រាយបញ្ហាបានកាន់តែជោគជ័យ និងទាន់ពេលវេលា។ បញ្ហាបរិស្ថាន ឬសំរាមមិនមែនជារឿងស្ថាប័ន មិនមែនជារឿងកាតព្វកិច្ច បុគ្គល ឬតួនាទីនោះទេ តែជារឿងដើម្បីសុខុមាលភាពប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយរបស់យើង និងប្រទេសជាតិយើង។» លោក ហ៊ុន ម៉ានី បន្ថែម។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា «ភ្នំពេញមានសំរាមប្រមាណ ៣០០០តោន ក្នុងមួយថ្ងៃ ហើយបញ្ហាសំរាមជាបញ្ហាប្រឈមរបស់រាជធានីភ្នំពេញ ដែលបានកើនឡើងយ៉ាងគំហុក ហើយដែលទាមទារអោយមានការការចូលរួមដោះស្រាយ ហើយត្រូវប្រើរយៈពេលវែងក្នុងការដោះស្រាយ។ អ្វីដែលជាការប្រឈមរបស់យើងគឺ (១) ការទុកដាក់ និងញែកសំរាម (២) ការប្រមូលសំរាម (៣) ទីលានចាក់សំរាម (៤) ការលើកកម្ពស់ការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋក្នុងការទុកដាក់សំរាមបានត្រឹមត្រូវ និងស្មារតីថែរក្សាអនាម័យបរិស្ថាន។»
តាមរយៈការប្រឈមទាំំងអស់នេះ លោកអភិបាលរងក៏បានបន្ថែមផងដែរថា «រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានី បាន នឹងកំពុងខិតខំយ៉ាងញាប់ជើងញាប់ដៃ ដើម្បីដោះស្រាយជាអាទិភាព។ តែទោះបីជាយ៉ាងណា ការចូលរួមរបស់ប្រជាពលរដ្ឋពិតជាមានសារសំខាន់ ដើម្បីអោយដោះស្រាយឲ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ខ្ញុំសូមអរគុណដល់គម្រោងភ្នំពេញស្អាត ដែលជាផ្នែកមួយដ៏ប្រពៃក្នុងការចូលរួមដោះស្រាយបញ្ហាសំរាម និងធ្វើអោយភ្នំពេញកាន់តែស្រស់ស្អាត។ »
សូមជម្រាបផងដែរថា គម្រោង «ស្អាត» ត្រូវបានបង្កើតឡើងដោយសហស្ថាបនិក ៦រូប ដែលមានលោក ហ៊ុន ម៉ានី លោកស្រី ទេព កូលាប លោកស្រី ជា សុផល្លា លោក ជី សិលា លោក ហៃ ភិរម្យ និងលោកស្រី ហេង ធីតា។ នៅឆ្នាំ២០១៧ គម្រោង «ស្អាត» បានបង្ហាញខ្លួនជាលើកដំបូងតាមរយៈ យុទ្ធនាការ «ភ្នំពេញស្អាត» និងបានពង្រីកវិសាលភាពក្នុងឆ្នាំ ២០១៩ តាមរយៈការអនុញ្ញាតបង្កើតយុទ្ធនាការ «កំពតស្អាត» ផងដែរ។
លោក ហៃ ភិរម្យ សហស្ថាបនិកគម្រោងស្អាតបានមានប្រសាសន៍ថា យើងប្រសិទ្ធនាម ខែវិច្ឆិកា ថាជាខែស្អាត ហើយសម្រាប់ឆ្នាំ២០១៩ គម្រោងស្អាតគ្រោងនឹងរៀបចំកម្មវិធីពេញមួយខែដែលមានដូចជា៖ (១) សហការជាមួយគ្រឹះស្ថានអប់រំរដ្ឋ និងឯកជនក្នុងភ្នំពេញ ដើម្បីធ្វើការអនុវត្តរៀបចំការប្រកួតប្រជែងពានរង្វាន់ «សាលាស្អាត» (២) ធ្វើយុទ្ធនាការ«មោទនភាពស្អាត» ឬ «Project Pride» តាមរយៈការថតវីដេអូខ្លី ១៥ វិនាទី និយាយពីឈ្មោះ ស្ថាប័ន និងភ្ជាប់ដោយពាក្យថា «ខ្ញុំស្អាត» (៣) បន្តបំផុសកិច្ចសហប្រតិបត្តិការ និងការចូលរួមពីស្ថាប័នរដ្ឋ ឯកជន សមាគម អង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាដៃគូអភិវឌ្ឍន៍ តាមរយៈការជំរុញការទទួលយកទស្សនាទាន «ស្អាត» ដោយការបិតស្ទីកគ័រ ឬខិតប័ណ្ណ«ស្អាត» និងជំរុញការប្រើប្រាស់វេទិការនេះ ឲ្យបានទូលំទូលាយទៅដល់បុគ្គលិកបម្រើការងារ កម្មករ កម្មការិនី សមាជិក សមាជិកា សហជីវិន ព្រមទាំងបុគ្គលដែលពាក់ព័ន្ធដទៃទៀត (៤) បន្តការផ្សព្វផ្សាយ និងបញ្ជ្រាបសារអប់រំ តាមរយៈអ្នកដែលមានឥទ្ធិពលក្នុងបណ្តាញទំនាក់ទំនងសង្គម ដើម្បីអោយពួកគាត់ដើរតួជា ទូតសុឆន្ទៈរបស់ភ្នំពេញស្អាត ក្នុងការបន្តផ្សព្វផ្សាយយន្តការអប់រំនានាស្ដីពីការកែប្រែទម្លាប់ក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ (៥) ចូលរួមសហប្រតិបត្តិការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា សាលារាជធានីភ្នំពេញ មន្ទីរបរិស្ថានរាជធានី ក៏ដូចជាក្រុមយុវជនដទៃទៀត ដើម្បីចូលរួមផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ដោយគ្រោងនឹងសហការពង្រាយប៉ោងប៉ោង «ស្អាត» នៅទីតាំងប្រមូលផ្តុំសំខាន់មួយចំនួន ដើម្បីបំផុសភាពងាយស្រួលដល់សាធារណៈ ក្នុងការកំណត់សម្គាល់គោលដៅដែលមានធុងសំរាម និងការប្រមូលសំរាម ព្រមទាំងផលិតវីដេអូអប់រំខ្លី ពន្យល់ពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និង (៦) រៀបចំពិព័រណ៍ស្តង់ផលិតផល អមជាមួយការប្រគំតន្ត្រី ដែលមានការចូលរួមពីតារាល្បីៗ៕