អបអរសាទរ
ខួបលើកទី៤០ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា
០២ ធ្នូ ១៩៧៨ – ០២ ធ្នូ ២០១៨
នៅថ្ងៃនេះ កាលពី៤០ឆ្នាំ មុន ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ អតីតយុវជនកម្ពុជាដែលប្រឈមមុខនឹងការសម្លាប់រង្គាល ការបំផ្លិចបំផ្លាញប្រទេសស្ទើរតែទាំងស្រុង បានយកជីវិតជាដើមទុនក្រោកឡើងតស៊ូដើម្បីរំដោះ ជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីនរកអវិចីនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយឈរលើស្មារតីសាមគ្គីភាព។ ថ្ងៃនេះ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នកបន្តវេនស្មារតី ២ ធ្នូ សូមរំលឹកឡើងវិញនូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុវជនយើង និងសូមចូលរួមអបអរសាទរខួបលើកទី ៤០ នៃថ្ងៃកំណើត សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះថា សហភាពសហព័ន្ធយុវជនកម្ពុជា។
ក្នុងដំណើរ ៤០ ឆ្នាំរបស់ខ្លួន សមាជិក សមាជិកា នៃសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា សមាគមយុវជនកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការរំដោះប្រទេសចេញពីជ្រោះមរណៈ ការស្វែងរក និងរក្សាសន្តិភាព ស្ថិរភាព ព្រមទាំងការស្ដារ និងកសាងឡើងវិញនៃព្រះរាជាណាចក្រកម្ពុជាតែមួយ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រហូតសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាដ៏ធំធេងជាបន្តបន្ទាប់។ ដោយតម្កល់ស្មារតី ២ ធ្នូ ពោលគឺការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីសាមគ្គីភាពជាធ្លុងមួយ ការលះបង់កម្លាំងកាយចិត្តមិនចេះនឿយណាយ ជាមួយសមត្ថភាពចំណេះដឹងថ្មីៗ និងបច្ចេកវិទ្យាទំនើប ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា នឹងបន្តមាគ៌ាដ៏ខ្ពង់ខ្ពស់នេះជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការងារសង្គម និងមនុស្សធម៌នានា ដើម្បីជាឧត្តមប្រយោជន៍ វឌ្ឍនភាព និងកិត្យានុភាពកម្ពុជា ក្រោមស្មារតីយើងជឿជាក់លើកម្ពុជា។
ក្នុងនាមយុវជនកម្ពុជាជំនាន់ក្រោយ យើងខ្ញុំ សូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ អំពីការហ៊ានលះបង់នូវសុភមង្គល អាយុជីវិត របស់យុវជនកាលពី ៤០ ឆ្នាំមុន ដែលខិតខំតស៊ូដើម្បីខ្មែរទាំងអស់ ខ្មែរតែមួយ ដែលស្មារតីដ៏មានតម្លៃនេះបានបន្តដល់យុវជនបច្ចុប្បន្ន និងអនាគត ក្នុងនោះការលះបង់ដើម្បីប្រយោជន៍រួមរបស់ប្រជាជាតិទាំងមូល ក៏ដូចជាបានផ្ដល់ដល់យុវជនជំនាន់ក្រោយ ក្នុងការទទួលបានឱកាសអប់រំ ការងារ កិត្តិយស ព្រមទាំងភាពសុខដុមរមនា ឲ្យកាន់តែល្អប្រសើរឡើង។ ក្នុងន័យនេះហើយ ដើម្បីយុវជនជំនាន់ក្រោយមានឱកាសស្វែងយល់បន្ថែមទៀត ពីការលំបាក និងឧបសគ្គដែលអតីតយុវជនបានឆ្លងកាត់ សហភាពសហព័ន្ធយុវជនកម្ពុជាក៏បានរៀបចំកម្មវិធី «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្រ្ដ»ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ កន្លងមកនេះផងដែរ។
ក្នុងឱកាសខួប ៤០ឆ្នាំនេះ សហភាពសហព័ន្ធយុវជនកម្ពុជា សូមអំពាវនាវដល់យុវជនទាំងអស់ មេត្តាចូលរួមឲ្យបានផុសផុលក្នុងស្មារតីខ្មែរតែមួយ អនាគតតែមួយ ក្នុងការរួមគិត រួមធ្វើ រួមទទួលខុសត្រូវចំពោះជោគវាសនាជាតិ និងដើម្បីភាពរុងរឿង ថ្កុំថ្កើនជាដរាបនៃមាតុភូមិកម្ពុជាជាទីស្នេហានៃយើង។