អបអរសាទរ
ខួបលើកទី៤២ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា
០២ ធ្នូ ១៩៧៨ – ០២ ធ្នូ ២០២០
នៅថ្ងៃនេះ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ អតីតយុវជនកម្ពុជាដែលប្រឈមមុខនឹងការសម្លាប់រង្គាល ការបំផ្លិចបំផ្លាញប្រទេសស្ទើរតែទាំងស្រុង បានយកជីវិតជាដើមទុនក្រោកឡើងតស៊ូរំដោះ ដើម្បីសង្គ្រោះប្រជាជនកម្ពុជា ឲ្យរួចផុតពីនរកអវិចីនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយឈរលើស្មារតីសាមគ្គីភាព។ ថ្ងៃនេះ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នកបន្តវេនស្មារតី ២ ធ្នូ សូមរំលឹកឡើងវិញនូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុវជនយើង និងសូមចូលរួមអបអរសាទរខួបលើកទី៤២ នៃថ្ងៃកំណើតសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះថា សហភាពសហព័ន្ធយុវជនកម្ពុជា។
ក្នុងដំណើរ ៤២ឆ្នាំ របស់ខ្លួន សមាជិក សមាជិកា នៃសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា សមាគម
យុវជនកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការរំដោះប្រទេសចេញពីជ្រោះមរណៈ ការស្វែងរក និងរក្សាសន្តិភាព ស្ថិរភាព ព្រមទាំងការស្ដារ និងកសាងឡើងវិញនៃព្រះរាជាណាចក្រកម្ពុជាតែមួយ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រហូតសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាដ៏ធំធេងជាបន្តបន្ទាប់។ ដោយតម្កល់ស្មារតី ២ ធ្នូ ពោលគឺការរួបរួមសាមគ្គីភាពជាធ្លុងមួយ ការលះបង់កម្លាំងកាយចិត្តមិនចេះនឿយណាយ ជាមួយសមត្ថភាពចំណេះដឹងថ្មីៗ និងបច្ចេកវិទ្យាទំនើប ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា នឹងបន្តមាគ៌ាដ៏ខ្ពង់ខ្ពស់នេះជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការងារសង្គម និងមនុស្សធម៌នានា ដើម្បីជាឧត្តមប្រយោជន៍ វឌ្ឍនភាព និងកិត្យានុភាពកម្ពុជា។ ក្នុងន័យនេះ ក្នុងដំណាក់កាលចុងក្រោយនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមគ្រួសារសហភាព សហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស បាន និងកំពុងរួបរួមគ្នាជាធ្លុងមួយ ខិតខំ ទាំងកម្លាំងកាយ ចិត្ត សម្ភារៈ និងតាមរយៈ គ្រប់រូបភាព ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។
ក្នុងឱកាសខួប ៤២ឆ្នាំ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា សូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាង
ជ្រាលជ្រៅ អំពីការហ៊ានលះបង់សុភមង្គល អាយុជីវិត របស់យុវជនកាលពី ៤២ឆ្នាំមុន ដើម្បីប្រយោជន៍រួមរបស់ប្រជាជាតិទាំងមូល ក៏ដូចជាបានផ្ដល់ឲ្យយុវជនជំនាន់ក្រោយនូវឱកាសអប់រំ ការងារ កិត្តិយស ព្រមទាំងភាពសុខដុមរមនា ឲ្យកាន់តែល្អប្រសើរឡើង។ សហភាពសហព័ន្ធយុវជនកម្ពុជា សូមអំពាវនាវដល់យុវជនទាំងអស់ ចូលរួមគិតរួមធ្វើ រួមទទួលខុសត្រូវចំពោះជោគវាសនាជាតិ ដើម្បីភាពរុងរឿង ថ្កុំថ្កើងជាដរាបនៃមាតុភូមិកម្ពុជាជាទីស្នេហានៃយើង និងជាពិសេសក្នុងបរិបទនៃជំងឺកូវីដ ១៩ សូមយុវជនទូទៅ និងប្រជាជនកម្ពុជាគ្រប់រូប អត់ធ្មត់ ស៊ូទ្រាំ និងបន្តស្មារតី រួមសាមគ្គីគ្នា ចូលរួមសហការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា។
ទស្សនាសារអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤២ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ថ្ងៃ២ ធ្នូ ១៩៧៨-ថ្ងៃ២ ធ្នូ ២០២០ ថ្លែងដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា