ស.ស.យ.ក. បន្តឧបត្ថម្ភម៉ាស់ចំនួន ៥០ម៉ឺនម៉ាស់ សាប៊ូលាងដៃ ១០៨០០ដុំ និង​បដា​អប់រំផ្សព្វ​ផ្សាយ​ចំនួន ៣០០០បដា

សេចក្តីប្រកាសព័ត៌មាន

គណៈកម្មាធិការកណ្តាល ស.ស.យ.ក. បន្តឧបត្ថម្ភសម្ភារៈដល់ ស.ស.យ.ក.  រាជធានី-ខេត្តទាំង២៥ សម្រាប់ទ្រទ្រង់យុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ       

ខណៈដែលរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើការប្រយុទ្ធប្រឆាំងនឹង​ជំងឺ​កូវីដ១៩ សហភាពសហព័ន្ធយុវជន​កម្ពុជា បាន និងកំពុងចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​​កូវីដ​១៩ តាមរយៈការបន្តអនុវត្តយុទ្ធនា​ការ​បញ្ជ្រាប​ការ​​យល់​ដឹង​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​កូវីដ​១៩ ដល់​ប្រជាពល​រដ្ឋ​​​ក្នុង​មូលដ្ឋាន ដែលយុទ្ធនាការនេះ​ ទទួលបានការចូលរួមយ៉ាងផុលផុសពីសមាជិក សមាជិកា និងយុវជនស្ម័គ្រ​ចិត្ត ស.ស.យ.ក. ​រាជធានី​-ខេត្តទាំង ២៥។

ចាប់តាំងពីខែមីនា ឆ្នាំ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស បាន និងកំពុង​អនុវត្ត​យុទ្ធនា​ការ​បញ្ជ្រាប​ការ​​យល់​ដឹង​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​កូវីដ​១៩ ដល់​ប្រជាពលរដ្ឋ ក្នុងគោលបំណង​ដើម្បីចូលរួម​ចំណែក​ក្នុង​ចលនា​រួម​​របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការ​ឆ្លងរីករាល​ដាល​នៃជំងឺកូវីដ១៩។​ យុទ្ធនាការនេះ​មានជាសកម្មភាពដូចជា៖ (១) ផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ពីវិធាន​ការ​ការពារពីជំងឺកូវីដ១៩ ជូន​ប្រជា​ពល​រដ្ឋ​មូល​ដ្ឋានតាមគ្រប់លទ្ធភាព និងគ្រប់​មធ្យោបាយ​រួមមាន៖ ការផ្សាយ​សារ​អប់រំ​តាម​ឧគ្ឃោសន​ស័ព្ទ​ចល័ត ការចង​បដា​តាម​ទីសាធារណៈ ការចែក-បិទខិត្ត​បណ្ណ និងការ​ចែក​សម្ភារៈ ដល់បណ្តាអង្គភាព​ពាក់ព័ន្ធ​នានា​សម្រាប់​ប្រើប្រាស់​ក្នុង​ការចុះ​អនុវត្ត​យុទ្ធនាការ និង​(២) ចុះ​សួរសុខទុក្ខ និង​ឧបត្ថម្ភគាំទ្រ​​ប្រជាពល​រដ្ឋខ្វះខាត និង​រង​គ្រោះ​​ក្នុងអំឡុង​ជំងឺ​កូវីដ១៩ ព្រមទាំង​បន្ត​សហការ​ជាមួយអាជ្ញាធរមូលដ្ឋាន​ក្នុងការចុះបាញ់​ថ្នាំ​សម្លាប់មេរោគ​នៅ​តាម​​ទីសាធារណៈ និង​រៀប​ចំទីតាំង​ចត្តាឡីស័ក​ជា​ដើម​។

ដើម្បីជំរុញឱ្យយុទ្ធនាការនេះ​ឲ្យប្រព្រឹត្តិទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ គណៈកម្មាធិការ​កណ្តាលស.ស.យ.ក. នារយៈកាល​កន្លង​មក បាន​ឧបត្ថម្ភ​គាំទ្រទាំងកម្លាំង និងស្មារតី ក៏ដូចជាកញ្ចប់ថវិកា និង​សម្ភារៈ​ចាំ​បាច់នានារួមមាន ម៉ាស់ ជែលលាងដៃ និងបដា​ផ្សព្វផ្សាយ​ផ្សេងៗ ជូនដល់​គណៈកម្មាធិការ​ស.ស.យ.ក. ​​រាជធានី-ខេត្តទាំង២៥ សម្រាប់ប្រើប្រាស់​ក្នុងការ​អនុវត្ត​យុទ្ធនា​ការបញ្ជ្រាប​ការ​​យល់​ដឹង​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​កូវីដ​១៩ ដល់​ប្រជាពលរដ្ឋ​​តាម​មូលដ្ឋា​នរៀងៗខ្លួន។ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. តាមរយៈមូលនិធិ ស.ស.យ.ក ក៏ដូចជាតាមរយៈការចូលរួមឧបត្ថម្ភពីបណ្តាសប្បុរសជន និងដៃគូរសហការនានា  គ្រោងនឹង​​ឧបត្ថម្ភ​សម្ភារៈបន្ថែម​សម្រាប់​ជំហាន​បន្ទាប់ ដែលសម្ភារៈទាំងនោះសរុបរួមមាន៖ ម៉ាស់ចំនួន ៥០ម៉ឺនម៉ាស់ សាប៊ូលាងដៃ ១០៨០០ដុំ និង​បដា​អប់រំផ្សព្វ​ផ្សាយ​ចំនួន ៣០០០បដា ដើម្បីបន្តយុទ្ធនាការនេះ​ទូទាំង​ប្រទេស។

ទន្ទឹមនឹងការទទួលស្គាល់ និងថ្លែងអំណរគុណចំពោះ​សកម្មភាព​យ៉ាង​ផុសផុលរបស់​សមាជិក សមាជិកា  និងយុវជនស្ម័គ្រចិត្តរបស់ខ្លួនទាំងអស់. ដែលបានលះបង់កំលាំងកាយចិត្តក្នុងការអនុវត្តយុទ្ធនាការកន្លងមក លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ ក៏បាន​ជំរុញ និង​លើកទឹកចិត្តសមាជិក សមាជិកា  និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ឱ្យបន្តការអនុវត្តយុទ្ធនាការបញ្ជ្រាប​ការ​​យល់​ដឹង​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​កូវីដ​១៩ ដល់​ប្រជាពលរដ្ឋ បន្ថែមទៀត ជាពិសេសនៅតាមទីប្រជុំជន សាលារៀន និងផ្សារជាដើម ដើម្បី​ធ្វើ​យ៉ាង​ណាឲ្យ​វិសាលភាព​នៃ​ការ​ផ្សព្វផ្សាយនេះ បា​ន​ជ្រួតជ្រាប​ទៅ​ដល់​មូលដ្ឋាន​នានាទូទាំងប្រទេសប្រក​ប​ដោយ​​ប្រសិទ្ធភាពខ្ពស់។

គួររំលឹកផងដែរថា ក្នុងស្មារតីនៃការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹង​ជំងឺ​កូវីដ១៩ សហភាពសហព័ន្ធយុវជនកម្ពុជា កន្លងមក ក៏បានឧបត្ថម្ភជាសម្ភារៈចាំបាច់ជូនដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ ចំនួនពីរ​ដំណាក់​កាល ដែលសម្ភារៈសរុបរួមមាន ម៉ាស់ចំនួន ១២.០៤០ម៉ាស់ សម្លៀកបំពាក់​វេជ្ជសាស្រ្ត​​ការពារ ចំនួន៣៥០០កំប្លេ មួកវេជ្ជសាស្រ្តការពារចំនួន ២០០០កំប្លេ និងជែលលាងដៃចំនួន ១២៥០ដប។ ជាមួយគ្នានេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានសហការ​ជាមួយ​រដ្ឋបាល​រាជធានីភ្នំ​ពេញ និង​ក្រុមហ៊ុន​ភេសជ្ជៈកូកាកូឡា ដើម្បីចុះធ្វើការផ្សព្វផ្សាយ អប់រំ និងបែងចែក​សម្ភារៈជូនបណ្តាអង្គភាព និង​រដ្ឋបាល​​ខណ្ឌ សង្កាត់ និង​មន្ទីរ​សុខាភិបាល ចំណុះ​រដ្ឋបាល​រាជធានីភ្នំពេញផងដែរ។