លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជា មួយគ្រូ បង្គោលស្ម័គ្រចិត្តដែលកំពុងជួយបង្រៀនបំប៉នដល់សិស្សានុសិស្សត្រៀមប្រលងយកសញ្ញាបត្រទុតិយភូមិ លើកទី២ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ខាងមុខនេះ។ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះក្រសួងអប់រំយុវជន និងកីឡា ជាពិសេសបណ្តាមន្ទីរអប់រំ យុវជន និងកីឡា ទូទាំងប្រទេស ដែលបានអនុញ្ញាតឱ្យសហភាពសហព័ន្ធយុវជន កម្ពុជា ចូលរួមសហការក្នុងការរៀបចំវគ្គបំប៉នដោយស្ម័គ្រចិត្ត ជូនដល់ប្អូនសិស្សានុសិស្សនៅតាមវិទ្យាល័យនានា ទូទាំងប្រទេសដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់ប្រព័ន្ធ អប់រំដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ឱ្យមានភាពកាន់តែប្រសើរឡើង ។ក្នុងនោះដែរ លោក ក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រូបង្គោលស្ម័គ្រចិត្តទាំងអស់ ដែលបានចំណាយកំលាំងកាយ ប្រាជ្ញាស្មារតី និងពេលវេលាដល់មានតម្លៃរបស់ខ្លួន ក្នុងការផ្តល់ចំណេះដឹង តាមរយៈវគ្គបំប៉នបន្ថែមដោយស្ម័គ្រចិត្តដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ដែលត្រូវត្រៀមប្រលងលើកទី២ នាពេលខាងមុខ។
លោក ហ៊ុន ម៉ានី ក៏បានគូសបញ្ជាក់ថា ការរួមចំណែករបស់លោកគ្រូ អ្នកគ្រូ ក្នុងវគ្គបណ្តុះបណ្តាលបំប៉ន បន្ថែមសម្រាប់ប្អូនៗសិស្សានុសិស្សនេះ គឺជាការរួមចំណែកក្នុងការកសាងសង្គមជាតិ ក៏ដូចជាលើកកម្ពស់ការអប់រំឱ្យ កាន់តែប្រសើរឡើង ជាពិសេសពង្រឹងនូវសមត្ថភាពរបស់យុវសិស្សជំនាន់ក្រោយៗទៀតឱ្យមានភាពរឹងមាំ និងខ្លាំងក្លា ជាមុនថែមទៀត។ លោក បានបន្តទៀតថា តាមរយៈការចូលរួមតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើដំណើរវិវត្ត នាពេលចុងក្រោយសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៤នេះ ការរៀបចំប្រលងមានភាពល្អប្រសើរ ដូចការគ្រោងទុកតាមនយោបាយកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលឆ្លុះបញ្ចាំងពីឆន្ទៈនៃកំណែ ទម្រង់ប្រព័ន្ធអប់រំនៅព្រះរាជាណាចក្រកម្ពុជា។ ការដាក់ចេញ និងខិតខំអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយ កែទម្រង់នេះ គឺជាការ បោះជំហាន មួយថ្មីបន្ថែមទៀតរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងការពង្រឹងគុណភាព អប់រំសម្រាប់យុវជន ដែលជាធនធានមនុស្សបន្តវេននៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ជាមូលដ្ឋានដ៏រឹងមាំ និងក្បាលម៉ាស៊ីន នៃកំណើន សេដ្ឋកិច្ចក្នុងរយៈពេលវែង។
ក្នុងឱកាសសំណេះសំណាលទៅកាន់សិស្សានុសិស្សដែលត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលើកទី២ លោក ហ៊ុន ម៉ានី បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ កុំឱ្យបាក់ទឹកចិត្ត និងត្រូវបន្តខិតខំសិក្សាបន្ថែម ដើម្បីចាប់យកឱកាសនៃការប្រលងលើកទី២នេះ អោយទទួលបានជោគជ័យដើម្បីអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិ។
សូមបញ្ចាក់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា បានចុះសំណេះសំណាលជាមួយគ្រូបង្គោលស្ម័គ្រចិត្តដែលកំពុងបង្រៀន និងសិស្សានុសិស្សដែល កំពុងរៀន វគ្គបំប៉នត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលើកទី២ នៅ វិទ្យាល័យចំនួន៤ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងនោះមានវិទ្យាល័យឧដុង្គ វិទ្យាល័យអ៊ីជីយីគិ វាលពង់ វិទ្យាល័យ ហ៊ុន សែន បាត់ដឹង និងវិទ្យាល័យ ហ៊ុន សែន ប៊ុន រានី ចាន់ថ្នាល។