ប្តេជ្ញាគោរពដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រក្នុងព្រះរាជសកម្មភាពនាំមកនូវវឌ្ឍនភាព​ដល់ព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសដ៏មហាជ័យមង្គលបវរថ្លៃថ្លា ពោរពេញដោយសេចក្ដីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យខួប លើកទី១៤ នៃការ​គ្រង​ព្រះបរមរាជ​សម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នេះ តាង​នាម​សមាជិក សមាជិកានៃ​មហា​គ្រួសារ​សហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំង​ប្រទេស និងក្នុងនាមទូលព្រះបង្គំផ្ទាល់ សូម​ព្រះបរម​រាជា​នុញ្ញាត ចូលរួមអបអរសាទរទិវាដ៏មហានក្ខន្តឫក្ស និងសូមសម្ដែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ ព្រះករុណា​ព្រះបាទ​​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ដែលទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ និងជាទីគោរព​សក្ការៈ​នៃប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប។

រយៈពេល ១៤ឆ្នាំ ក្រោមម្លប់ព្រះបារមីដ៏ត្រជាក់ត្រជំរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ប្រជារាស្ត្រខ្មែរមានសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ មានជីវភាពកាន់តែសមស្រប មានសាមគ្គីភាពជាធ្លុងមួយក្នុងការដោះស្រាយបញ្ហាជាតិ ជាច្រើន​ដើម្បីភាព​រីកចម្រើន​របស់​កម្ពុជា​​លើ​គ្រប់​វិស័យ និងរហូតកម្ពុជាអាចពង្រីកនូវកេរ្តិ៍ឈ្មោះល្អរបស់ខ្លួនថែមទៀតនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ទូល​ព្រះ​បង្គំ​យើង​ខ្ញុំ​ទាំងអស់គ្នា សូមប្តេជ្ញា​គោរព​ដង្ហែតាម​ព្រះរាជតម្រិះ​ដ៏ឧត្តុង្គឧត្តម​របស់ព្រះអង្គ​ក្នុងព្រះរាជ​សកម្មភាព​នាំមក​នូវវឌ្ឍនភាព​ដល់ព្រះរាជាណាចក្រកម្ពុជា ដោយ​ចូល​រួម​ការពារ និង​លើក​ស្ទួយ​ស្ថាប័នព្រះមហាក្សត្រ។

 

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតជាថ្មីម្តងទៀត លើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ទេវតា​ថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបីឫទ្ធិបារមីខ្លាំងក្លា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យ​បារមី​នៃដួង​ព្រះវិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះ​មហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបារមីព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យថ្វាយព្រះករុណាថ្លៃវិសេស នូវព្រះពុទ្ធពរ​ទាំងបួន​ប្រការ​គឺអាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។