យុទ្ធនាការភ្នំពេញស្អាត យុទ្ធនាការនៃការផ្លាស់ប្ដូរឥរិយាបទតាមរយៈការអប់រំ និងផ្សព្វផ្សាយក្នុងការគ្រប់គ្រងកាកសំណល់ក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភំ្នពេញ ក្រោមពាក្យស្លោក៖ «សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»។ យុទ្ធនាការនេះធ្វើឡើងនូវរៀងរាល់ឆ្នាំ ក្នុងអំឡុងខែវិច្ឆិកា ដែលត្រូវបានយុទ្ធនាការនេះប្រសិទ្ធនាមថាជា «ខែស្អាត» ដែលក្នុងនោះ ឆ្នាំនេះគឺជាឆ្នាំទី២ហើយនៃ យុទ្ធនាការភ្នំពេញស្អាត។ យុទ្ធនាការនេះនឹងត្រូវបានប្រព្រឹត្តឡើងពេញមួយខែវិចិ្ឆកា ដោយស្ម័គ្រចិត្ត និងដោយមានការចូលរួមពីសំណាក់ «យុវជនសុឆន្ទៈស្អាត» ចំនួន ២០០នាក់ ដែលជាអ្នកពាំនាំសាររបស់យុទ្ធនាការ និងបំពេញការងារស្ម័គ្រចិត្ត ដោយយោងទៅតាមផែនការសកម្មភាព ៩ ធំៗ មានដូចជា៖ សិក្ខាសាលាស្ដីពីការបញ្ជ្រាបការអប់រំទៅតាមបណ្តាគ្រឹះស្ថានរដ្ឋ និងឯកជន (គ្រោង ៣៤ គ្រឹះស្ថានអប់រំ) វេទិកាវោហាសព្វជាសាធារណៈ ការបំផុសយុទ្ធនាការតាមរយៈ Social Media Challenge «ផ្ទះខ្ញុំស្អាត ភ្នំពេញស្អាត» ការបង្កើតកម្មវិធីប្រកួតប្រជែងវីដេអូអប់រំខ្លី បន្តការចុះផ្សព្វផ្សាយតាមរយៈការបិទស្ទីគ័រ «ស្អាត» និងជំរុញការទទួលយកទស្សនាទាន«ស្អាត» អោយបានទូលំទូលាយ បន្តការផ្សព្វផ្សាយបទចំរៀងភ្នំពេញស្អាត និងខ្លីបវីដេអូតុក្កតាខ្លីអប់រំពីការថែរក្សាអនាម័យទីក្រុង តាមរយៈស្ថានីយ៍ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ ។ល។
យុទ្ធនាការភ្នំពេញស្អាត ឆ្នាំទី២នេះ ត្រូវបានចាប់ផ្តើមនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែវិចិ្ឆកា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដែលជាផ្នែកមួយនៃ «គម្រោងស្អាត» ដែលមានការចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការទី៧នៃរដ្ឋសភា ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាសហស្ថានិក «គម្រោងស្អាត» ឯកឧត្តម George EDGAR ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បណ្តាក្រុមហ៊ុនឯកជន សមាគម អង្គការមិនមែនរដ្ឋាភិបាល ស្ថានទូត ម្ចាស់ឧបត្ថម្ភគម្រោង សិល្បករ សិល្បការិនី រួមទាំងសមាជិក សមាជិកា នៃក្រុមការងារប្រតិបត្តិគម្រោងស្អាត យុវជនសុឆន្ទៈស្អាត។
យុទ្ធនាការ «យុទ្ធនាការភ្នំពេញស្អាត» មានទស្សនទានចម្បងគឺ សំរាមមិនមែនជារបស់នរណាម្នាក់ ពោលគឺវាកើតចេញពីយើងទាំងអស់គ្នា ដែលទាមទារអោយមានការចូលរួមចំណែកទទួលខុសត្រូវរួមគ្នាក្នុងទិសដៅរួមគ្នាគឺ «ស្អាត» បានន័យថា «គ្មានសំរាមពាសវាលពាសកាល»។ ជាមួយគ្នានេះផងដែរ យុទ្ធនាការដើម្បីបរិស្ថាននេះទទួលបានការគាំទ្រ និងចូលរួមពីស្ថាប័ននានាដែលមានដូចជា៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត រដ្ឋបាលរាជធានីភ្នំពេញ សភាពាណិជ្ជកម្មកម្ពុជា សមាគមសហគ្រិនស្រ្ដីកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា សភាពាណិជ្ជកម្មអ៊ឺរ៉ុប សមាគមសហគ្រិនវ័យក្មេង និងសមាគមនិស្សិតវិទ្យាសាស្រ្ដសេដ្ឋកិច្ច និងពាណិជ្ជសាស្រ្ដអន្ដរជាតិនៅកម្ពុជា (AIESEC) និងស្ថាប័នផ្សេងៗទៀត។