ក្នុងឱកាសខួបលើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០១៨ នៃព្រះរាជាណាចក្រកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរជាឱឡារិកទិវាបុណ្យជាតិដ៏អធិកអធមនេះ ក្នុងគោលបំណងរំលឹកឡើងវិញ និងបន្តលើកស្ទួយវីរភាពដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមនៃព្រះរាជបូជនីយកិច្ចរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដែលទ្រង់បានតស៊ូរំដោះកម្ពុជាឲ្យទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
រូបភាព៖ សហការី
ព្រមពេលជាមួយគ្នានេះផងដែរ ទន្ទឹមនឹងខួបលើកទី៦៥ នៃថ្ងៃបង្កើតកងយុទ្ធពលខេមរភូមិន្ទ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏សូមវាយតម្លៃខ្ពស់ចំពោះវីរភាព ពលិកម្ម ការតស៊ូលះបង់គ្រប់បែបយ៉ាងរបស់កងយុទ្ធពលខេមរភូមិន្ទ ដែលជានិច្ចកាលស្ថិតនៅជាមួយរាជរដ្ឋាភិបាល និងប្រជាជនទូទាំងប្រទេសក្នុងកិច្ចការពារបូរណភាពដែនដី និងអធិបតេយ្យជាតិនៅគ្រប់កាលៈទេសៈ ដែលយុវជនជំនាន់ក្រោយតែងតែចងចាំជានិច្ច និងមិនអាចបំភ្លេចបាន។
ក្នុងទិវាជាប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំ សមាជិក-សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមនៃ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទ្រង់បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យរួបរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ ផ្អែកលើមូលដ្ឋានសាមគ្គីភាព ក្នុងស្ថានភាពដែលសង្គមជាតិទាំងមូលទទួលផលពីសន្តិភាព និងស្ថិរភាពនយោបាយ។ សហភាពសហព័ន្ធយុវជនកម្ពុជា សូមគោរពកោតសរសើរផងដែរ ដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការការពារបូរណភាពដែនដី ការពង្រីកវប្បធម៌សន្តិភាព ការផ្សះផ្សា បង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិសេរីភាពនីតិរដ្ឋ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការការពារសន្តិសុខ សុវត្ថិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងការកែលម្អអភិបាលកិច្ច ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ច សមធម៌សង្គម ក៏ដូចជាការបន្តលើកកម្ពស់កិត្យានុភាព និងការអភិវឌ្ឍជាតិនៅគ្រប់វិស័យ។