សមាជិក 40kmទៅកាន់ប្រវត្តិសាស្រ្ត៖ “ដំបូងគិតថា ដើរ៤០គីឡូម៉ែត្រគ្មានអ្វីអស្ចារ្យទេ”

មានអីគ្រាន់តែ៤០គីឡូម៉ែត្រ មានអី​អស្ចារ្យ។”  នេះ ប្រហែល​ជា​ទស្សនៈមហាជន​មួយ​ចំនួន ដែល​គ្រាន់​តែ​បាន​និយាយ តែ​បើ​សិន​ជា​បាន​គិត​អោយ​​បាន​ហ្មត់ចត់​បន្តិច វា​មិន​មែន​ជារឿងលេង​សើច និង​ងាយ​ស្រួល​ពេក​នោះទេ។

តោះ​ស្តា​ប់​ទស្សនៈ​របស់​យុវជន​ម្នាក់​ក្នុ​ង​ចំនោម​យុវជន​៨៤៦នាក់ រៀបរាប់​ពីបទ​ពិសោធន៍​របស់​គាត់​ក្នុង​ការ​ធ្វើដំណើរ​ដោយ​ថ្មើរ​ជើង​ឆ្ពោះ​ទៅ​កាន់​វិមាន​អនុស្សារីយ៍​រណសិរ្ស២ធ្នូ ក្នុ​ង​ស្រុ​ក​ស្នួល ខេត្តក្រចេះ។​ ខាង​ក្រោម​នេះ ជាទស្សនៈ​របស់​យុវជន លោក ចន​ សុវណ្ណារ៉ា ជា​សមាជិក​ក្រុមទី៨ នៃកម្មវិធី ៤០km​ទៅកាន់​ប្រវត្តិសាស្រ្ត។


“ពេលដំបូង ខ្ញុំគិតថា ត្រឹមដើរ៤០គីឡូម៉ែត្រគ្មានអី្វអស្ចារ្យ​នោះទេ តែពេល​ខ្ញុំបានមកសាកល្បងខ្លួនឯងទើបបានដឹង។ ខ្ញុំចាប់ផ្តើមដើរ នៅ​ម៉ោង​ប្រហែល​២រសៀល។ ពេល​ដើរ មានអីគ្រាន់​តែ​​ចាប់​ផ្តើម​ដក​ដង្ហើម​ធំបន្តិច​ម្តងៗ​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ២ និង​លេខ​៣ ហើយ​ក៏បន្តដល់​គីឡូម៉ែត្រ​លេខ​​៥​។ ខ្ញុំ​គិត​​​ថា បើបាន​សម្រាក​បន្តិច​មិនដឹង​ស្រួល​យ៉ាងណា​ទេ។ ដើរ​ដល់គីឡូម៉ែត្រ​លេខ៧ ខ្ញុំបាន​អនុញាតិអោយ​សម្រា​ក​ប្រហែល​​១០នាទី រួច​គិត​ថា​​​គិត​ថា​​បើមាន​ទឹក​ត្រជាក់​ផឹក មាន​កង្ហារ​បក់ មិនដឹង​ស្រួល​យ៉ាង​ម៉េចទេ។ បន្ត​ដើរដល់​គីឡូម៉ែត្រ​លេខ៨​ឬលេខ៩ ខ្ញុំពោល​ក្នុងចិត្តថា ថ្ងៃ​អើយ​កុំ​ក្តៅ​បន្តិច​​បាន​ទេ អាណិត​​​អ្នក​ដើរ​ផង រួច​ហើយ​​ក៏​បន្ត​ដើរ​ដល់​គីឡូម៉ែត្រ​លេខ១០ ខ្ញុំ​​ចាប់​​ផ្តើម​​ទន្ទឹង​​ចាំថា​​តើពេល​ណា​​ខ្ញុំអាច​​ដើរ​ដល់​​គីឡូម៉ែត្រ​លេខ​១២ (តំបន់x16) ជា​កន្លែង​​ដែលក្រុម​ការងារ​ប្រាប់​ថា​អាច​ឈប់​សម្រាក​ញ៉ាំចំណីបាន។ ខ្ញុំ​ដើរជិត​ដល់គីឡូម៉ែត្រ​លេខ​១២ហើយ តែខ្ញុំ​​មាន​អារម្មណ៍​​ថា​ជើង​ម្ខាងៗ​​ធំទៅៗ ​ជង្គង់​ខាងឆ្វេងចាប់ផ្តើមឈឺបន្តិចម្តងៗ។ ទម្រាំដល់គីឡូម៉ែតលេខ១២ខ្ញុំអាណិតជើងទាំងពីររបស់ខ្ញុំមែនទែន។​

គ្រាន់តែដល់គីឡូម៉ែតលេខ១២ភ្លាម ខ្ញុំខំទៅរក​ទឹក និង​មូរ​ជើងខោ​ឡើងលើ រួច​ហើយ​ក៏ច្របាច់​ជើង រឹត​​ប្រេងក្រឡាលើជើងទាំងពីរ និង​រុំ​ក្រមា​នៅ​ក្បាល​ជង្គង់​ជើង​ឆ្វេង​របស់ខ្ញុំ។ ពេល​នោះ ខ្ញុំញ៉ាំ​អីលែង​ចូលហើយ។ ខ្ញុំខំ​ញ៉ាំពងមាន់មួយគ្រាប់ ហតដកដែលដាក់តាមខ្លួនមួយពីរ ដើម្បីអោយមានកម្លាំង ខ្លាច​បាក់ ព្រោះកំពុងស្គមផង។ ខ្ញុំក៏មានការគិតមមៃថា ពេលនេះខ្ញុំមាន ទឹកគ្រប់គ្រាន់ មានហតដក ចំណី និងសម្ភារៈបរិក្ខារគ្រប់គ្រាន់ និង​មាន​សុវត្ថិភាព​​តាម​ផ្លូវ​ដែល​មិន​មែន​ជា​កត្តា​គួរ​អោយ​បារម្ភ។ ចុះ​កាល​ជំនាន់​ចាស់ៗ តើពួក​គាត់លំបាក​បែបណា​ទៅ? ពួកគាត់​ហាក់ដូចជា​យកជីវិត​ជាដើម​ទុន​​សម្រាប់​​ការ​រំដោះ​ប្រទេស​​ជាតិ​អញ្ចឹង​។



សម្រាក​មួយរយៈ ខ្ញុំចាប់​បន្ត​ការ​ដើរ​នៅ​ម៉ោង​ប្រហែល​៦ល្ងាច ឆ្ពោះ​ទៅគីឡូម៉ែត​លេខ២០ ជាកន្លែង​គេងស​ម្រាក​មុន​បន្ត​ដំណើរ​ទៅមុខ។ ពេល​បន្ត​ការ​ដើរ​ពី​គីឡូម៉ែត​លេខ១២  ខ្ញុំគិត​ក្នុងចិត្ត និង​សួរខ្លួន​ឯង​ថាថា តើខ្លួនខ្ញុំអាចដើរដល់គោលដៅដែរ ឬទេ? ពីគីឡូម៉ែតលេខ១៣ ដល់គីឡូម៉ែតលេខ១៩ ខ្ញុំដើរដាច់ឆ្ងាយបន្តិចពីក្រោយក្រុម ព្រោះជង្គង់​ជើងទាំងពីរឈឺកាន់តែខ្លាំងហើយ មិនដឹងត្រូវធ្វើម៉េចទេ។ ពេលឃើញឡានពេទ្យបើកកាត់ ខ្ញុំ​ចង់​តែ​ស្រែក​រក​ជំនួយ តែគិតថាកុំអីណា​ បន្តទៀតទៅ​។ អ្នកដើរក្នុងក្រុមមកដល់ និងអ្នកដើរឆ្លងកាត់ឃើញខ្ញុំ ហើយបានសួរនាំខ្ញុំ ថាម៉េចដែរ? ទៅ​មុខ​បាន​ទេ? ខ្ញុំ​ឆ្លើយ​ថា ឈឺជង្គង់បន្តិចតែមិនអីទេ ព្រោះកុំអោយគេបារម្ភ។ ខ្ញុំដើរឈប់ៗ ពេលនោះក៏យប់ តែមានសមាជិកជួយបញ្ចាំងពិលបំភ្លឺផ្លូវអោយ ទោះ​បី​ជា​ស្គាល់គ្នា ឬមិនស្គាល់គ្នាយ៉ាងណា ក៏គេបានជួយយកអាសារយើងដែរ។ នេះជាស្មារតីខ្មែរស្រឡាញ់ខ្មែរ។ ពេលដើរដល់គីឡូម៉ែតលេខ១៩ ហើយ​ ខ្ញុំហត់ពេកហើយក៏សម្រាកបន្តិចដោយគិតថាជិតដល់គោលដៅទី១ហើយ។

ដល់គីឡូម៉ែតលេខ២០ មានអ្នកស្វាគមន៍ ហើយនាំទៅកន្លែងសម្រាក។ វាមិនមែនជាកន្លែងសម្រាកអ្វីអស្ចារ្យនោះទេ។ វាជា​កន្លែង​ក្រាល​តង់​កៅស៊ូ​លើដី​ ប្រក់​កៅស៊ូជា​ដំបូល ហើយ​ត្រូវគេង​នៅទីនោះជុំគ្នាទល់ក្បាលដាក់គ្នាទាំងជាង ៨០០នាក់។ សូម្បីទេកូននាយករដ្ឋមន្ត្រីក៏គេងលើដី យក​មេឃ​ធ្វើ​មុងដូច​យុវជន​​ដទៃ​ទៀត​ដែរ។ ដល់​ទីនោះ​​ភ្លាម ខ្ញុំ​រក​កន្លែង​អង្គុយ​ដើម្បី​ពិនិត្យ និងរឹត​ជើង​ភ្លាម។ ពេល​ចាប់​ក្បាល​ជង្គង់ប៉ះសសៃ​គឺឈឺទាំងពីរ​តែម្តង។ ខ្ញុំ​រឹត​ផង គិត​ផង​ថា សល់​២០ គីឡូម៉ែត្រ​ទៀត តើខ្ញុំ​ទៅរួច​អត់ទេ? ខ្ញុំខំញ៉ាំរបស់​បន្តិច​បន្តួ​ច​ហើយ​ក៏ស្រងំគេង។ គេង​ផង​បន់ស្រន់​ផង សុំ​ថា​អោយ​ខ្ញុំ​បាន​ជា​ឡើង​វិញ​នៅ​ថ្ងៃ​ស្អែក។ ពេលនោះខ្ញុំគេងមិនសូវលក់ទេ កន្លែងក៏ប្លែក មនុស្សដើរចុះឡើងៗ ហើយជង្គង់ក៏នៅឈឺ​នៅឡើយ។ ពេលដឹងខ្លួនម្តងៗ ខ្ញុំក៏ខំលាបរឹតប្រេងក្រឡាក្បាលជង្គង់សង្ឃឹមថានឹងបានជានៅថ្ងៃស្អែក។ អោយតែភ្ញាក់ ដឹងតែស្ទាបក្បាលជង្គង់ហើយ ពេលដឹងថានៅឈឺ​ ខ្ញុំ​ចាប់​ផ្តើម​គិត​ និងសួរខ្លួនឯងថា តើខ្ញុំអាចបន្តដើរបានទៀតទេនៅថ្ងៃស្អែក?​ ម៉ោង១០យប់ខ្ញុំចូលគេង ហើយម៉ោងប្រមាណ៣ជិត៤ព្រឹក ខ្ញុំ​ត្រូវ​ក្រោក​ឡើង​រៀប​ចំ​ឥវ៉ាន់​ដើម្បីដើរបន្ត២០គីឡូម៉ែត្រទៀត។ មុននឹងដើរ អ្នកដឹកនាំក្រុមបានសួរសមាជិកក្រុមថា តើបន្តទៅទៀតដែរទេ បើមិនអាច អាច​ប្រាប់​បាន នឹង​មាន​ឡាន​មក​ទទួល។ ដោយ​មានការ​តាំងចិត្តខ្ពស់ យើង​មិន​បោះបង់ទេ​ យើង​នឹង​បន្តដំណើរ​២០គីឡូម៉ែត្រ​ទៅ​មុខ​ទៀត។

យើង​ចាប់ផ្តើមដើរ​នៅម៉ោង​៤កន្លះ​នៅព្រហាម​ស្រាងៗ។ ក្នុង​ចិត្ត​ខ្ញុំ​គិត​ថា ខ្ញុំអាច​ដើរ​បាន​ច្រើ​ន​បំផុត​ត្រឹម​គីឡូម៉ែត្រ​លេខ​៣២ ព្រោះ​ខ្ញុំ​អាច​ដឹង​បាន​ពី​កម្លាំង​របស់​ខ្លួន។ ខ្ញុំ​ព្យាយាម​បន្ត​ដើរ​ទាំង​ជង្គង់ទាំង​ពីរ​នៅ​ឈឺ​តែ​មិ​ន​សូវ​ខ្លាំងទេ ហើយ​ម្យ៉ាង​ព្រោះ​នៅ​ព្រឹ​ក​មិន​សូវ​ក្តៅ​ផង។ ឆ្លង​ពីមួយ​គីឡូម៉ែត ទៅ​មួយ​គីឡូម៉ែត្រ​ ក្នុង​ចិត្ត​ត្រេក​អរ​ខ្លាំង​ណាស់។ គេឃើញ​ជើង​ខ្ញុំចង​ក្រម៉ា គេសួរ​នាំជារឿយៗ​ថាអាច​ធ្វើបាន​ទេ ខ្ញុំ​មិន​ដឹង​ត្រូវ​ថាម៉េច ខ្ញុំ​ក៏​ឆ្លើយ​ថា​ឈឺ​សន្លាក់​បន្តិច​តែ អាច​ដើរ​បាន ខ្ញុំ​ធ្វើ​បាន តែ​ត្រូវ​តែ​ស៊ូ។​ ដល់​គីឡូម៉ែត្រ​លេខ២៥​ មិត្តរួម​ក្រុម​សួរ​នាំ និងយក​ស្ព្រាយ​បាញ់ជង្គង់ខ្ញុំអោយ​បាន​ធូរ និង​អោយ​ក្រណាត់​ ចង​ពាក់ក្បាល​ជង្គង់​ទាំងពីរ។ ខ្ញុំរំភើប និង​សប្បាយ​ចិត្ត​ជាមួយ​ការ​យក​ចិត្ត​ទុក​ដាក់រ​បស់​ពួក​គាត់​ណាស់ តែ​មិន​ចង់​រំខាន​ច្រើន​ក៏​ព្យាយាម​ធ្វើ​មាំ​ ព្រោះ​ដឹងថា​ម្នាក់​ៗ​ក៏នឿយ​ហត់​មិន​ខុស​គ្នា​ដែរ។

ដល់គីឡូម៉ែត្រ​លេខ៣២ ក្រុម​ការងារ​ក៏មាន​រៀបចំ​ទឹក ចេក និងនំបុ័ង​​ទុក​អោយ​ញ៉ាំ។ វា​មិន​អស្ចារ្យទេ តែមាន​ន័យ និង​មាន​តម្លៃ​ណាស់​សម្រាប់​ពេល​នេះ។ ​ខ្ញុំចាប់​ផ្តើម​មូរ​ជើង​ខោឡើង លាបប្រេងក្រឡា ដើម្បីអោយធូរងាយស្រួលដើរ។ ចាប់បន្តការដើរទៀតប្រហែលម៉ោង៩ ដើរដល់គីឡូម៉ែតលេខ ៣៤ ថ្ងៃក៏ក្តៅខ្លាំង ហើយឡើងចំណោទចុះឡើងតាមចំការកៅស៊ូរហូតដល់ជិតគីឡូម៉ែតចុងក្រោយ។ ,,,ខ្ញុំ​ចូល​ចិត្ត​ស្មារតី​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក​ចូល​រួម​ណាស់។ ពួកគាត់តែងសួរថាជើងខ្ញុំយ៉ាងម៉េចហើយ និងអោយកម្លាំងចិត្តថា បងស៊ូៗ សល់តែ២ ឬ៣គីឡូទៀតទេ។ ខ្ញុំឆ្លើយដោយក្តីរីករាយ អរគុណ ជាមួយនិងស្នាមញញឹម។ ពេលខ្លះខ្ញុំចង់បោះបង់ម្តងៗដែរ តែដោយមានកម្លាំងចិត្តពីមិត្តដើរជាមួយ ខ្ញុំបន្តដើររហូតដល់គីឡូម៉ែតលេខ៣៩ ។ ដើរហួស​គីឡូម៉ែត​លេខ​៣៩បន្តិច ខ្ញុំ​ក៏ឈប់​សម្រាក​ជាមួយ​សមាជិក​ដ៏ទៃ ចាំក្រុម​ខ្ញុំដើម្បី​ដើរ​ជុំគ្នា​ដល់គីឡូម៉ែត្រ​លេខ​៤០។ ​យើង​ជុំគ្នា​នឹង​បន្ត​ទៅរួមគ្នា​ដើម្បី​ស្មារតី​ក្រុម។ ពេល​នេះខ្ញុំធ្វើបាន​ហើយ យើង​ធ្វើបាន​ហើយ។

មកដល់​វិមាន​អនុស្សាវរីយ៍២ធ្នូ ក៏​មានការ​ស្វាគមន៍​ ហើយស​មាជិក​នៃក្រុម​គ្រួសារ 40kmទៅ​កាន់​ប្រវត្តិសាស្រ្ត​បាន​ស្នាក់​នៅ​ជា​មួយ​គ្នា និង​សប្បាយ​រីករាយ​ជាមួយគ្នា​​នៅក្នុង​ជំរុំ។ អរគុណ​​ដែល​បាន​បង្កើត​កម្មវិធីនេះ ទោះ​វាគ្មាន​អ្វីអស្ចារ្យ តែ​ខ្ញុំដឹង​ថា​​វាមាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ។