សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានឈ្មោះដើមជា សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលជាផ្នែកមួយដ៏សំខាន់នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការចូលរួមរំដោះជាតិមាតុភូមិចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម រហូតទទួលបានជោគជ័យនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សូមសម្តែងនូវការដឹងគុណកតញ្ញុតាធម៌ ចំពោះវីរយុទ្ធជនខ្មែរ និងសូមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ។
ទិវា ៧ មករា នេះ កើតចេញពីការបូជាសាច់ស្រស់ ឈាមស្រស់ ពីការតស៊ូ ពីពលិកម្មដ៏ក្លាហាន និងបានយកជីវិតជាដើមទុនរបស់អតីតយុវជនកម្ពុជាក្នុងស្មារតី ២ធ្នូ ដោយក្រោកឡើងតស៊ូដើម្បីសង្គ្រោះប្រជាជនកម្ពុជាឲ្យរួចផុតពីនរកអវិចីនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ វីរជនដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ បានរក្សាជំហររបស់ខ្លួនយ៉ាងមុតមាំក្នុងការស្វែងរក និងរក្សាឲ្យបាននូវសន្ដិភាព ស្ថិរភាព និងសុភមង្គលជូនសង្គមជាតិ រហូត កម្ពុជាអាចទទួលបានសន្ដិភាពពេញលេញក្នុងឆ្នាំ១៩៩៨ ដែលជាការផ្ដល់ឱកាសដ៏ធំធេងចំពោះប្រជាជនខ្មែរគ្រប់និន្នាការ ក្នុងការចូលរួមចំណែកជំរុញវឌ្ឍនភាពសង្គមរហូតសម្រេចសមិទ្ធផលនានាក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ និងសម្រាប់បន្តទៅអនាគតទៀត។
ក្នុងនាមយុវជនជំនាន់ក្រោយដែលយល់យ៉ាងច្បាស់ពីសច្ចធម៌ប្រវត្តិសាស្រ្ត យើងខ្ញុំសូមឆ្លៀតឱកាសក្នុងខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហមនេះ ក្នុងការកោតសរសើរ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានងើបពីចំណុចសូន្យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតសម្រេចបាននូវសមិទ្ធផលគ្រប់វិស័យក្នុងរយៈពេល៤០ឆ្នាំកន្លងមក។ ក្នុងន័យនេះ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា សូមប្តេជ្ញាការពារនូវសមិទ្ធផលដែលសម្រេចបានរបស់អតីតយុវជនយើង ក៏ដូចជាសង្គមជាតិ និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការជួយជំរុញវឌ្ឍនភាពសង្គមជាតិលើគ្រប់វិស័យជាពិសេសតាមរយៈបេសកកម្មរបស់ខ្លួន ក្នុងការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយទាំងសមត្ថភាព សាមគ្គីភាព និងមនសិការជាតិ ឲ្យក្លាយជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់អនាគតកម្ពុជា។