ក្នុងដំណើរបេសកកម្មដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី នៅខេត្តតាកែវ ខេត្តកែប និងខេត្តកំពត មានប្រធានបទមួយដែលមានត្រូវលើកឡើងដូចៗគ្នាពីសំណាក់អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តនិមួយៗនោះគឺ «ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត»។ ជាឧទាហរណ៍ នៅក្នុងឆ្នាំនេះ ខេត្តទាំងបីបានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនបានចូលរួមទទួលភាពសប្បាយរីករាយ ដែលមានជាអាទិ៍៖ តាកែវសង្ក្រាន្ត សង្ក្រាន្តខេត្តកែប និងកំពតសង្រ្កាន្ត។
ក្នុងបេសកកម្មនៅខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថ្លែងអំណរគុណសម្រាប់ការផ្តួចផ្តើមព្រឹត្តិការណ៍អង្គរសង្រ្កាន្តថា «ព្រឹតិ្តការណ៍អង្គរសង្កា្រន្តគឺជាគំរូនៃព្រឹត្តិការណ៍កំពតសង្ក្រាន្ត។ តាមរយៈការផ្តួចផ្តើម និងភាពជាគំរូនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានធ្វើអោយព្រឹត្តិការណ៍កំពតសង្ក្រាន្តទទួលបានការគាំទ្រ ការចាប់អារម្មណ៍យ៉ាងខ្លាំង និងជោគជ័យគួរជាទីមោទនៈ ពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្ត អ្នកទេសចរជាតិ និងអន្តរជាតិ។
កម្មវិធី ឬ ព្រឹត្តិការណ៍និមួយៗរបស់ស.ស.យ.ក. ត្រូវបានសង្កេតឃើញថា តែងតែកើតចេញពីសកម្មភាពតូចមួយៗ ដែលគំនិត និងសកម្មភាពទាំងនោះសុទ្ធតែមានការគិតពិចារណាគ្រប់ឲ្យជ្រុងជ្រោយទាំងអស់។ ដោយសារការគិតពិចារណាទាំងនេះ បានធ្វើអោយកម្មវិធីរបស់ស.ស.យ.ក. ទទួលបានប្រជាប្រិយភាព និងសាទរពីបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានគួរអោយកត់សម្គាល់។ ក្នុងន័យនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា «ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលត្រូវបានផ្សព្វផ្សាយទូទាំងប្រទេស និងពិភពលោកគឺកើតចេញពីក្តីប្រាថ្នារបស់យុវជនតែ ២ ឬ ៣ នាក់តែប៉ុណ្ណោះ ហើយយុវជនទាំងនោះបានធ្វើអោយចេញជារូបរាងឡើងជាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ឯកឧត្តម បានបន្តទៀតថា «ឆ្នាំនេះត្បិតថាមិនមានអង្គរសង្ក្រាន្ត តែព្រឹត្តិការណ៍សង្ក្រាន្តទូទាំងប្រទេសនៅតែបន្ត ពោលគឺរូបភាពជាច្រើនរបស់អង្គរសង្ក្រាន្តត្រូវបានបង្ហាញនៅទូទាំងប្រទេសកម្ពុជា។ នេះជាគោលដៅរបស់យើង នេះជាមោទនភាពរបស់ស.ស.យ.ក. ហើយនេះគឺជាមោទនភាពជាតិ។ … ពិតណាស់ថាស្មារតីនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តត្រូវបានផ្សព្វផ្សាយទូទាំងប្រទេសក៏ពិតមែន តែភាពជោគជ័យទាំងអស់ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុមការងារ និងប្រជាពលរដ្ឋក្នុងតំបន់រៀងៗខ្លួន។ ខ្ញុំវិញទេដែលត្រូវថ្លែងអំណរគុណដល់ ថា្នក់ដឹកនាំ និងក្រុមគ្រួសារស.ស.យ.ក. ទាំងអស់គ្នាដែលបានប្រឹងប្រែងបង្កើតមោទនភាពជាតិយើងជាបន្តបន្ទាប់។»
តាមរយៈបេសកកម្មខេត្តតាកែវ ខេត្តកែប និងខេត្តកំពតដែលបានបញ្ចប់នៅថ្ងៃនេះ សមាជិក សមាជិកាក្រុមគ្រួសារស.ស.យ.ក. បានបញ្ជាក់រឹតតែច្បាស់នូវស្មារតីនៃសាមគ្គីភាព ក្តីស្រឡាញ់ និងទឹកចិត្តក្នុងការចូលរួមក្នុងសង្គមដែលតែងតែមានជានិច្ច មិនថានៅពេលណា ឬ នៅកន្លែងណានោះទេ។ ហេតុដូច្នេះហើយទើបចំនួនសមាជិកភាពរបស់សហភាពសហព័ន្ធយុវជនកម្ពុជាមានការកើនឡើងជារៀងរាល់ថ្ងៃ។ ឯកឧត្តម ប្រធាន ហ៊ុន ម៉ានី បានបន្តប្រសាសន៍ថ្លែងអំណរគុណដល់ ស.ស.យ.ក. ខេត្តតាកែវ ខេត្តកែប និងខេត្តកំពត ក៏ដូចជាស.ស.យ.ក. រាជធានី ខេត្តទូទាំងប្រទេសដែលបានចូលរួមជាមួយគ្នា រួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ក្នុងការលះបង់ពេលវេលា និងធនធានដើម្បីដោះស្រាយបញ្ហារួមទាំងអស់គ្នា។ ឈរលើមូលដ្ឋាននេះ សូមសមាជិក សមាជិកាបន្តរាល់សកម្មភាពដែលជាគំរូដល់យុវជន យុវនារីបន្តវេន ពោលគឺដើម្បីឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងរបស់កម្ពុជានាថ្ងៃអនាគត។