បទពិសោធន៍បរាជ័យនឹងនាំអោយយើងទទួលបានជោគជ័យជាងមុន

នាថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំវេទិកាពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិន លើប្រធានបទ «មាគ៌ាឆ្ពោះទៅរកភាពជោគជ័យរបស់សហគ្រិន» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។​

វេទិកានេះបានចែករំលែកធាតុចូលជាច្រើនពីសំណាក់គណៈអធិបតី និងវាគ្មិនកិត្តិយសដែលអញ្ជើញចូលរួមមកពីទាំងស្ថាប័នសាធារណៈ និងស្ថាប័នឯកជនជូនដល់សហគ្រិន យុវជន និងសិស្សានុសិស្សប្រមាណជាង ៥០​០នាក់។

ថ្លែងក្នុងវេទិកា​លើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិន ឯកឧត្តម​ ហ៊ុន ម៉ានី ដែលតែងតែលើកទឹកចិត្ត និងលើកកម្ពស់សហគ្រិនភាពបានមានប្រសាសន៍ថា «វេទិកាពិភាក្សានេះ នឹងផ្តល់ជូនអ្នកចូលរួមទាំងអស់នូវចំណេះដឹង និងបទពិសោធ​ន៍ក្នុងវិស័យធុរកិច្ច ព្រមទាំងគំនិតអាជីវកម្មថ្មីៗ និងពង្រីកការយល់ដឹងពីក្របខណ្ឌច្បាប់ក្នុងអាជីវកម្ម ពីសំណាក់វាគ្មិនកិតិ្ដយសពីវិស័យសាធារណៈ និងឯកជន ដែលជោគជ័យ និងមានបទពិសោធន៍ច្រើនក្នុងផ្នែកធុរកិច្ច។»  ឯកឧត្តម ក៏មានប្រសាសន៍បន្ថែមផងដែរថា «បទពិសោធន៍បរាជ័យ នឹងបង្រៀនយើងអោយស្គាល់ភាពជោគជ័យទៅថ្ងៃអនាគត។​ … ភាពជោគជ័យរបស់បុគ្គលម្នាក់ៗ គឺពិតណាស់ត្រូវពឹងផ្អែកលើកត្តាច្រើនទាំងកត្តាខាងក្នុង និងកត្តាខាងក្រៅ។ តែកត្តាដែលសំខាន់ជាងគេបំផុតគឺ ការគ្រប់គ្រងខ្លួនឯង និងដាក់ទិសដៅលើក្តីស្រមៃរបស់ខ្លួនអោយខាងតែបាន។ បើបុគ្គលម្នាក់មិនចេះជួយខ្លួន​ឯងផង គ្មាននរណាអាចជួយយើងបាននោះទេ ព្រោះគ្មានភាពជោគជ័យណាមួយដែល មិនកើតចេញពីការខិតខំប្រឹងប្រែងនោះទេ។

ក្នុងកិច្ចពិភាក្សាដែលមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសបួនរូប មកពីវិស័យសាធារណៈ និង​ឯកជនរួមមានឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហេង សុងគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកឧកញ្ញា គួច ផេង ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង លោកធុល រិទ្ធី សហស្ថាបនិក Small World និង KOOMPI បានពិភាក្សាជារួមថា បុគ្គលគ្រប់រូបគួរចែករំលែកភាពជោគជ័យរបស់យើងដល់អ្នកដទៃ នោះអ្នកនឹងរឹតតែជោគជ័យជាងនេះទៅទៀត។ បុគ្គលដែលជោគជ័យគឺបុគ្គលដែលសិក្សា និងមាននវានុវត្តន៍ពេញមួយជីវិត។ ក្នុងន័យនេះកិច្ចពិភាក្សាក៏បានរំលេចផងដែរថា ពិតណាស់បុគ្គលម្នាក់ៗត្រូវតែមានចំណេះ និងជំនាញពិតប្រាកដប្រចាំខ្លួន តែអ្វីដែលលើសពីនេះទៅទៀតនោះគឺ ការកសាងនូវជំនាញទន់របស់ខ្លួនក្នុងភាពជាអ្នកដឹកនាំ មានទំនួលខុសត្រូវខ្ពស់ ចេះសហការធ្វើការជាក្រុមដែលប្រកបដោយសីលធម៌។

សូមជម្រាបផងដែរថា វេទិកាពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិន លើប្រធានបទ «មាគ៌ាឆ្ពោះទៅរកភាពជោគជ័យរបស់សហគ្រិន» ដែលសម្របសម្រួល និងរៀបចំដោយនាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ និងជំរុញសហគ្រិនភាព នៃសហភាពសហព័ន្ធយុវជនកម្ពុជា គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងដែលទាក់ទងនឹងលិខិតគតិយុត្តនានាពាក់ព័ន្ធវិស័យធុរកិច្ច ពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្សាហកម្ម ការងារ បណ្តុះបណ្តាលឲ្យយុវជនផ្តល់តម្លៃលើជំនាញវិជ្ជាជីវៈ ក៏ដូចជាការត្រៀមខ្លួនជាមួយការវិវត្តទៅមុខរបស់សង្គមដ៏ឆាប់រហ័សជាពិសេសក្នុងបដិវត្តឧស្សាហកម្ម4.0  ព្រមទាំងបណ្តុះស្មារតី ចែករំលែកគំនិត បទពិសោធន៍សម្រាប់ជាទុនក្នុងការធ្វើអាជីវកម្ម និងបង្កើតអាជីវកម្ម។