ជាបន្តបន្ទាប់ក្រុមគ្រួសារ ស.ស.យ.ក. តែងតែមានមោទនភាពយ៉ាងក្រៃលែង ចំពោះការរីកលូតលាស់នៃចំនួនសមាជិក សមាជិកា នៃមហាក្រុមគ្រួសារយុវជននេះពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែងថ្ងៃនេះ ក្រុមគ្រួសារយើងទទួលបានសមាជិក សមាជិកាថ្មី ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យរ៉ែ និងថាមពល ដែលទទួលបានការអញ្ជើញដ៏ខ្ពស់ខ្ពស់ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាជាង ៤០០នាក់ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងរ៉ែ និងថាមពល។
ក្នុងឱកាសនៃពិធីនេះ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ផ្តាំផ្ញើ និងណែនាំដល់សមាជិក សមាជិកា វិស័យរ៉ែ និងថាមពល អោយចងចាំជានិច្ចនូវស្មារតី ២ធ្នូ ដែលជាមូលដ្ឋាន និងគម្រូនៃការលះបង់ដើម្បីជាតិ រក្សាភាពចាស់ទុំក្នុងការអនុវត្តការងារ អនុវត្តគោលការណ៍សមូហភាពដឹកនាំ និងការធ្វើការងារជាក្រុម គោរពលក្ខន្តិកៈនានារបស់ស.ស.យ.ក. និងប្រឹងប្រែងប្រមូលផ្តុំបញ្ញាញាណ ក្នុងគោលដៅលើកកម្ពស់ភាពរីកចម្រើនរបស់ប្រទេសជាតិ ក៏ដូចជាក្នុងវិស័យជំនាញរបស់ខ្លួនគឺវិស័យរ៉ែ និងថាមពល។
បច្ចុប្បន្ន ស.ស.យ.ក. វិស័យរ៉ែ និងថាមពល ដែលមានលោក ស៊ុយ ឌីម៉ង់ជាប្រធាន មានសមាជិកចំនួន ៤៩៥រូប (ព្រមទាំងមានសមាជិក សមាជិកាដែលកំពុងស្នើរសុំចូលជាសមាជិកជាបន្តបន្ទាប់) កំពុងធ្វើការយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងការប្រើប្រាស់ជំនាញរបស់ខ្លួនដើម្បីជាប្រយោជន៍សម្រាប់សង្គមកម្ពុជា។
ថ្លែងទៅកាន់សមាជិក សមាជិកា ទាំងអស់ក្នុងជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់អោយចេះ ច្នៃប្រឌិត និងអនុវត្តតាមលទ្ធភាពដែលមាន ប្រឹងប្រែងសម្រួចចំណេះ និងជំនាញប្រចាំថ្ងៃរបស់ខ្លួន ព្រមទាំងការចែករំលែកបទពិសោធន៍ដែលអាចជួយបំពេញគ្នាទៅវិញ ទៅមក ដើម្បីពង្រឹងសមត្ថភាពសមាជិក សមាជិកា ស.ស.យ.ក. ក្នុងក្រសួងផ្ទាល់ ដែលនឹងអាចជួយបង្កើនភាពស្និតស្នាល ការស្គាល់គ្នាទៅវិញទៅមក និងការជឿជាក់រវាងគ្នា និងគ្នា។
សូមជម្រាបផងដែរថា បច្ចុប្បន្នសហភាពសហព័ន្ធយុវជនកម្ពុជាមានសមាជិកជាង ១៤ម៉ឺននាក់ ហើយកំពុងចូលរួមយ៉ាងសកម្មជាមួយអាជ្ញាមូលដ្ឋាន និងវិស័យទូទាំងប្រទេសក្នុងការបំពេញបេសកកម្មបម្រើជាតិមាតុភូមិជាវិជ្ជមាន និងកំពុងដើរតួយ៉ាងសំខាន់ក្នុងនាមជាយុវជនបន្តវេន ក៏ដូចជាផ្តល់ភាពជាគម្រូដល់យុវជនជំនាន់ក្រោយ។