គិតត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ អ្នកសង្កេតការណ៍របស់ ស.ស.យ.ក. សរុបចំនួន ១៤៥៨ នាក់ នៅខេត្តចំនួន១៧ បានទទួលសេចក្តីសម្រេចអនុញ្ញាតពី គ.ជ.ប និងកំពុងបំពេញសកម្មភាពសង្កេតការណ៍ក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងសកម្ម ខណៈរាជធានី-ខេត្តផ្សេងទៀតកំពុងរៀបចំនីតិវិធីស្នើសុំ និងរង់ចាំសេចក្តីសម្រេចជាបន្តបន្ទាប់។ ផ្តើមចេញពីមនសិការនៃភាពជាគំរូរបស់យុវជន ក្នុងការចូលរួមធានាដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមចំណែកជាមួយគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប.) ក្នុងដំណើរការសង្កេតការណ៍ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ តាមរយៈយុទ្ធនាការពលរដ្ឋល្អ។
យុទ្ធនាការពលរដ្ឋល្អ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៩ ដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រឆ្នាំ២០១៨- ២០២៣ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ» ដែលមានសកម្មភាពជាអាទិ៍នោះគឺ ការចូលរួមចំណែកតាមលទ្ធភាពជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់កម្រិត ដើម្បីជំរុញដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌។ គួររំលឹកដែរថា ចាប់តាំងពីឆ្នាំ២០១៧ តាមរយៈកិត្យានុភាព ការគាំទ្រ និងការទទួលស្គាល់ក្នុងមជ្ឍដ្ឋានយុវជន និងសង្គមស.ស.យ.ក. បានដើរតួនាទីជាស្ថាប័នដែលមានអ្នកសង្កេតការណ៍ច្រើនជាងគេ និងចូលរួមចំណែកក្នុងការរក្សាប្រក្រតីភាព ភាពត្រឹមត្រូវ និងយុត្តិធម៌នៃដំណើរការការបោះឆ្នោតនៅកម្ពុជា។