ខេត្តក្វាងស៊ី សន្យាបន្ថែមចំនួនអាហារូបករណ៍ដល់និស្សិត និងនាំឧស្សាហកម្មធុនតូច និងមធ្យមទៅកម្ពុជា

ក្រុងណាននីង ខេត្តក្វាងស៊ី៖ អាជ្ញាធរខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា ខ្លួននឹង​ពិចារណាបន្ថែមចំនួន​អាហារូបករណ៍​ដល់និស្សិតកម្ពុជាឱ្យបាន បន្តការសិក្សានៅក្នុងប្រទេសចិន និងបន្ត​ជំរុញ​បន្ថែមឱ្យអ្នកវិនិយោគផ្នែកឧស្សាហកម្មធុនតូច និងមធ្យមទៅកាន់ប្រទេសកម្ពុជាក្នុងពេលអនាគត​ឆាប់ៗ​​​ខាង​មុខនេះ។

ឯកឧត្តម ZHANG XIAOQIN អភិបាលរង នៃខេត្តក្វាងស៊ី បានអះអាងដូចនេះ ជាការឆ្លើយតបទៅ​នឹង​សំណូម​ ព​រ​របស់ លោក ហ៊ុន ម៉ានី ប្រធានគណៈប្រតិភូយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពេល​ដែល​ឯកឧត្តមបានអនុញ្ញាតឱ្យក្រុមគណៈប្រតិភូកម្ពុជា បានចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ អំឡុងទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុង ខេត្តក្វាងស៊ី។

ក្នុងជំនួបរយៈពេលប្រមាណ៦០នាទីជាមួយនឹងគណៈប្រតិភូយុវជនកម្ពុជាឯកឧត្តម ZHANG XIAOQIN បាន​គូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍសមត្ថភាព យុវជន ជំនាន់ក្រោយ ​ព្រោះថាពួកគេនឹងក្លាយ​ទៅជា​អ្នក​បន្តនិរន្តរភាពនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរនាថ្ងៃអនាគត។ ឯកឧត្តមមានប្រសាសន៍ថា “ជាមួយ​នឹង​យុវជន ដែលមានសក្តានុពល យើងនឹងអាចបន្តនិរន្តរភាពនៃទំនាក់់ទំនងទ្វេភាគីរបស់ប្រទេស​យើងទាំង​ពីរឱ្យ​បានកាន់តែប្រសើរ”។

A

ជម្រាបជូនឯកឧត្តមអភិបាលរងខេត្ត លោក ហ៊ុន ម៉ានី បានរំលឹកឡើងវិញ ពីទំនាក់ទំនងដ៏មាន​អត្ថន័យ​រវាង​កម្ពុជា និងចិន ដែលត្រូវបានផ្តួចផ្តើមឡើងកាលពី ៥៦ ឆ្នាំមុន ដោយសម្តេចព្រះ​បរមរតន​កោដ្ឋ នរោត្តម សីហនុ និង​ឯកឧត្តមប្រធាន MAO TZE DUNG និងឯកឧត្តម ជូ អេនឡាយ។ លោកបានបន្តថា ទំនាក់ទំនងដ៏ល្អនេះ​បាន​បន្តរហូតមកដល់បច្ចុប្បន្ន​ និងបានក្លាយទៅជាទំនាក់ទំនងគ្រប់ជ្រុងជ្រោយនាឆ្នាំ ២០១០ ក្រោមការផ្តួច​ផ្តើមរវាង សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន លោកប្រធានាធិ-បតី ZHANG XIAMING និងលោកនាយករដ្ឋមន្ត្រី WEN JIABAO។ ទំនាក់ទំនងនេះបានក្លាយ​ទៅជាទំនាក់​ទំនង មិនត្រឹម​តែ​រវាង​រដ្ឋាភិបាល និងរដ្ឋាភិបាលទេ ប៉ុន្តែថែមទាំងរវាងប្រជាជន និងប្រជាជន ពិសេសយុវជន និងយុវជន​ទៀត​ផង។ លោកបានបន្ថែមថា ការរីកចម្រើនយ៉ាង ឆាប់រហ័សរបស់ប្រទេសចិន (CHINESE MIRACLES) បាន​​ផ្តល់​ផល​យ៉ាងវិជ្ជមានយ៉ាងខ្លាំងដល់ទំនាក់ទំនាក់ទ្វេភាគីនេះ ជាពិសេសដល់វិស័យសេដ្ឋកិច្ច​កម្ពុជា​ ក្នុង​ពេល​ដែល​​ប្រទេសនេះបើកចំហរទីផ្សាសេរី​​ និងមានប្រព័ន្ធច្បាប់អនុគ្រោះដល់វិនិយោគិន។

D

តាងនាមឱ្យគណៈប្រតិភូយុវជនកម្ពុជា លោកហ៊ុនម៉ានីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ​ដល់​ឯកឧត្តម ZHANG XIAOQIN ដែលបានអនុញ្ញាតឱ្យក្រុមប្រតិភូ បានចូលជួបដើម្បីសម្តែងការគួរសម និង​ដកស្រង់​បទ​ពិសោធន៍ការងារ។ លោកបានបញ្ជាក់ថា យុវជនកម្ពុជាជំនាន់ក្រោយ នឹងបន្តចងចាំនូវ​ទំនាក់​ទំនងដ៏មាន​អត្ថន័យ​នេះ និងប្តេជ្ញាចូលរួមចំណែកបន្ថែមទៀតក្នុងការបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនង​នេះ​ឱ្យ​កាន់​តែ​មាន​អត្ថន័យសម្រាប់ប្រទេសទំាងពីរ។