នាព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងទិវាអន្តរជាតិសម្រាប់យុវជន ក្រោមប្រធានបទ “យុវជន និងសុខភាពផ្លូវចិត្ត” ក្នុងអធិបតីភាព ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា។
សូមរំលឹកផងដែរថា ការប្រារព្វទីវាអន្តរជាតិសម្រាប់យុវជន បានបដិសន្ធិឡើងដោយមហាសន្និបាត អង្គការ សហប្រជាជាតិ ដែលបានអនុម័តលើអនុសាសន៍ នៃសន្និសីទថ្នាក់រដ្ឋមន្រ្តីយុវជនពិភពលោក ហើយបាន កំណត់យកថ្ងៃ ១២ សីហា ជាទិវាអន្តរជាតិសម្រាប់យុវជន ដែលមានសេចក្តីសម្រេចលេខ A/RES/54/120 ចុះថ្ងៃទី២០ មករា ឆ្នាំ២០០០។ ឯកសារនេះត្រូវបានឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ផ្ញើរ លិខិតចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០០ ផ្ញើរជូនរដ្ឋាភិបាលនៃប្រទេសដែល ជាសមាជិក ដើម្បីអនុវត្ត និងផ្សព្វ ផ្សាយដល់ស្រទាប់យុវជននៃប្រទេសរបស់ខ្លួន។ ចាប់តាំងពីឆ្នាំ ២០០០ រហូតមកដល់បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា តែងប្រារព្វពិធីអបអរសាទរទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ដើម្បីបង្កើន ស្មារតីយុវជនកម្ពុជាចូលរួមអនុវត្តអោយបានល្អប្រសើរ រាល់កាតព្វកិច្ចរបស់ខ្លួនចំពោះប្រទេសជាតិ និងចំពោះខ្លួនឯង។ ម្យ៉ាងវិញទៀត នៅក្នុងការរួមចំណែកអបអរសាទរខួបលើកទី១៥ នៃទិវាអន្តរជាតិ សម្រាប់ ១២សីហា ឆ្នាំ២០១៤នេះ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងបង្កើនកិច្ចសហការជាមួយក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធ ដែលបានធ្វើការងារជាមួយយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពយុវជន លើកទឹកចិត្តយុវជនឲ្យមានគំនិតផ្តួចផ្តើមការច្នៃប្រឌិត ការចូលរួមសកម្មភាពស្មគ្រចិត្តដើម្បីផ្តល់ឱកាស និងលទ្ធភាពដល់យុវជនឲ្យចូលរួមដើម្បីអភិវឌ្ឍបុគ្គលិកលក្ខណៈពេញលេញ លើផ្នែករាងកាយ បញ្ញាស្មារតី សីលធម៌ តម្លៃ និងបំណិនសំដៅធ្វើឲ្យយុវជនក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ។
សូមបញ្ជាក់ថា ប្រធានបទ “យុវជន និងសុខភាពផ្លូវចិត្ត” គឺសំដៅទៅលើការជំរុញអភិវឌ្ឍសមត្ថភាពចំណេះ ដឹង បំណិនជីវិត ជាពិសេសអភិវឌ្ឍសមត្ថភាពជំនាញទន់ ដើម្បីឲ្យយុវជនមានសមត្ថភាព ក្នុងការស្វែងយល់ ពីបទពិសោធជីវិត ដូចជា ភាពអាធ្យាស្រ័យ អភ័យទោស អត់ធ្មត់ ព្យយាម និងការទទួលយកការពិត ការចេះយល់ចិត្តអ្នកដទៃ ការចេះកែលម្អខ្លួនដោយខ្លួនឯង ការគោរពចំពោះខ្លួនឯង ការកំណត់ទិសដៅខ្លួនឯង ដែលជាកត្តាចម្បងនៃការអប់រំសុខភាពផ្លូវចិត្ត។