“មានអីគ្រាន់តែ៤០គីឡូម៉ែត្រ មានអីអស្ចារ្យ។” នេះ ប្រហែលជាទស្សនៈមហាជនមួយចំនួន ដែលគ្រាន់តែបាននិយាយ តែបើសិនជាបានគិតអោយបានហ្មត់ចត់បន្តិច វាមិនមែនជារឿងលេងសើច និងងាយស្រួលពេកនោះទេ។
តោះស្តាប់ទស្សនៈរបស់យុវជនម្នាក់ក្នុងចំនោមយុវជន៨៤៦នាក់ រៀបរាប់ពីបទពិសោធន៍របស់គាត់ក្នុងការធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅកាន់វិមានអនុស្សារីយ៍រណសិរ្ស២ធ្នូ ក្នុងស្រុកស្នួល ខេត្តក្រចេះ។ ខាងក្រោមនេះ ជាទស្សនៈរបស់យុវជន លោក ចន សុវណ្ណារ៉ា ជាសមាជិកក្រុមទី៨ នៃកម្មវិធី ៤០kmទៅកាន់ប្រវត្តិសាស្រ្ត។
“ពេលដំបូង ខ្ញុំគិតថា ត្រឹមដើរ៤០គីឡូម៉ែត្រគ្មានអី្វអស្ចារ្យនោះទេ តែពេលខ្ញុំបានមកសាកល្បងខ្លួនឯងទើបបានដឹង។ ខ្ញុំចាប់ផ្តើមដើរ នៅម៉ោងប្រហែល២រសៀល។ ពេលដើរ មានអីគ្រាន់តែចាប់ផ្តើមដកដង្ហើមធំបន្តិចម្តងៗនៅចន្លោះគីឡូម៉ែត្រលេខ២ និងលេខ៣ ហើយក៏បន្តដល់គីឡូម៉ែត្រលេខ៥។ ខ្ញុំគិតថា បើបានសម្រាកបន្តិចមិនដឹងស្រួលយ៉ាងណាទេ។ ដើរដល់គីឡូម៉ែត្រលេខ៧ ខ្ញុំបានអនុញាតិអោយសម្រាកប្រហែល១០នាទី រួចគិតថាគិតថាបើមានទឹកត្រជាក់ផឹក មានកង្ហារបក់ មិនដឹងស្រួលយ៉ាងម៉េចទេ។ បន្តដើរដល់គីឡូម៉ែត្រលេខ៨ឬលេខ៩ ខ្ញុំពោលក្នុងចិត្តថា ថ្ងៃអើយកុំក្តៅបន្តិចបានទេ អាណិតអ្នកដើរផង រួចហើយក៏បន្តដើរដល់គីឡូម៉ែត្រលេខ១០ ខ្ញុំចាប់ផ្តើមទន្ទឹងចាំថាតើពេលណាខ្ញុំអាចដើរដល់គីឡូម៉ែត្រលេខ១២ (តំបន់x16) ជាកន្លែងដែលក្រុមការងារប្រាប់ថាអាចឈប់សម្រាកញ៉ាំចំណីបាន។ ខ្ញុំដើរជិតដល់គីឡូម៉ែត្រលេខ១២ហើយ តែខ្ញុំមានអារម្មណ៍ថាជើងម្ខាងៗធំទៅៗ ជង្គង់ខាងឆ្វេងចាប់ផ្តើមឈឺបន្តិចម្តងៗ។ ទម្រាំដល់គីឡូម៉ែតលេខ១២ខ្ញុំអាណិតជើងទាំងពីររបស់ខ្ញុំមែនទែន។
គ្រាន់តែដល់គីឡូម៉ែតលេខ១២ភ្លាម ខ្ញុំខំទៅរកទឹក និងមូរជើងខោឡើងលើ រួចហើយក៏ច្របាច់ជើង រឹតប្រេងក្រឡាលើជើងទាំងពីរ និងរុំក្រមានៅក្បាលជង្គង់ជើងឆ្វេងរបស់ខ្ញុំ។ ពេលនោះ ខ្ញុំញ៉ាំអីលែងចូលហើយ។ ខ្ញុំខំញ៉ាំពងមាន់មួយគ្រាប់ ហតដកដែលដាក់តាមខ្លួនមួយពីរ ដើម្បីអោយមានកម្លាំង ខ្លាចបាក់ ព្រោះកំពុងស្គមផង។ ខ្ញុំក៏មានការគិតមមៃថា ពេលនេះខ្ញុំមាន ទឹកគ្រប់គ្រាន់ មានហតដក ចំណី និងសម្ភារៈបរិក្ខារគ្រប់គ្រាន់ និងមានសុវត្ថិភាពតាមផ្លូវដែលមិនមែនជាកត្តាគួរអោយបារម្ភ។ ចុះកាលជំនាន់ចាស់ៗ តើពួកគាត់លំបាកបែបណាទៅ? ពួកគាត់ហាក់ដូចជាយកជីវិតជាដើមទុនសម្រាប់ការរំដោះប្រទេសជាតិអញ្ចឹង។
សម្រាកមួយរយៈ ខ្ញុំចាប់បន្តការដើរនៅម៉ោងប្រហែល៦ល្ងាច ឆ្ពោះទៅគីឡូម៉ែតលេខ២០ ជាកន្លែងគេងសម្រាកមុនបន្តដំណើរទៅមុខ។ ពេលបន្តការដើរពីគីឡូម៉ែតលេខ១២ ខ្ញុំគិតក្នុងចិត្ត និងសួរខ្លួនឯងថាថា តើខ្លួនខ្ញុំអាចដើរដល់គោលដៅដែរ ឬទេ? ពីគីឡូម៉ែតលេខ១៣ ដល់គីឡូម៉ែតលេខ១៩ ខ្ញុំដើរដាច់ឆ្ងាយបន្តិចពីក្រោយក្រុម ព្រោះជង្គង់ជើងទាំងពីរឈឺកាន់តែខ្លាំងហើយ មិនដឹងត្រូវធ្វើម៉េចទេ។ ពេលឃើញឡានពេទ្យបើកកាត់ ខ្ញុំចង់តែស្រែករកជំនួយ តែគិតថាកុំអីណា បន្តទៀតទៅ។ អ្នកដើរក្នុងក្រុមមកដល់ និងអ្នកដើរឆ្លងកាត់ឃើញខ្ញុំ ហើយបានសួរនាំខ្ញុំ ថាម៉េចដែរ? ទៅមុខបានទេ? ខ្ញុំឆ្លើយថា ឈឺជង្គង់បន្តិចតែមិនអីទេ ព្រោះកុំអោយគេបារម្ភ។ ខ្ញុំដើរឈប់ៗ ពេលនោះក៏យប់ តែមានសមាជិកជួយបញ្ចាំងពិលបំភ្លឺផ្លូវអោយ ទោះបីជាស្គាល់គ្នា ឬមិនស្គាល់គ្នាយ៉ាងណា ក៏គេបានជួយយកអាសារយើងដែរ។ នេះជាស្មារតីខ្មែរស្រឡាញ់ខ្មែរ។ ពេលដើរដល់គីឡូម៉ែតលេខ១៩ ហើយ ខ្ញុំហត់ពេកហើយក៏សម្រាកបន្តិចដោយគិតថាជិតដល់គោលដៅទី១ហើយ។
ដល់គីឡូម៉ែតលេខ២០ មានអ្នកស្វាគមន៍ ហើយនាំទៅកន្លែងសម្រាក។ វាមិនមែនជាកន្លែងសម្រាកអ្វីអស្ចារ្យនោះទេ។ វាជាកន្លែងក្រាលតង់កៅស៊ូលើដី ប្រក់កៅស៊ូជាដំបូល ហើយត្រូវគេងនៅទីនោះជុំគ្នាទល់ក្បាលដាក់គ្នាទាំងជាង ៨០០នាក់។ សូម្បីទេកូននាយករដ្ឋមន្ត្រីក៏គេងលើដី យកមេឃធ្វើមុងដូចយុវជនដទៃទៀតដែរ។ ដល់ទីនោះភ្លាម ខ្ញុំរកកន្លែងអង្គុយដើម្បីពិនិត្យ និងរឹតជើងភ្លាម។ ពេលចាប់ក្បាលជង្គង់ប៉ះសសៃគឺឈឺទាំងពីរតែម្តង។ ខ្ញុំរឹតផង គិតផងថា សល់២០ គីឡូម៉ែត្រទៀត តើខ្ញុំទៅរួចអត់ទេ? ខ្ញុំខំញ៉ាំរបស់បន្តិចបន្តួចហើយក៏ស្រងំគេង។ គេងផងបន់ស្រន់ផង សុំថាអោយខ្ញុំបានជាឡើងវិញនៅថ្ងៃស្អែក។ ពេលនោះខ្ញុំគេងមិនសូវលក់ទេ កន្លែងក៏ប្លែក មនុស្សដើរចុះឡើងៗ ហើយជង្គង់ក៏នៅឈឺនៅឡើយ។ ពេលដឹងខ្លួនម្តងៗ ខ្ញុំក៏ខំលាបរឹតប្រេងក្រឡាក្បាលជង្គង់សង្ឃឹមថានឹងបានជានៅថ្ងៃស្អែក។ អោយតែភ្ញាក់ ដឹងតែស្ទាបក្បាលជង្គង់ហើយ ពេលដឹងថានៅឈឺ ខ្ញុំចាប់ផ្តើមគិត និងសួរខ្លួនឯងថា តើខ្ញុំអាចបន្តដើរបានទៀតទេនៅថ្ងៃស្អែក? ម៉ោង១០យប់ខ្ញុំចូលគេង ហើយម៉ោងប្រមាណ៣ជិត៤ព្រឹក ខ្ញុំត្រូវក្រោកឡើងរៀបចំឥវ៉ាន់ដើម្បីដើរបន្ត២០គីឡូម៉ែត្រទៀត។ មុននឹងដើរ អ្នកដឹកនាំក្រុមបានសួរសមាជិកក្រុមថា តើបន្តទៅទៀតដែរទេ បើមិនអាច អាចប្រាប់បាន នឹងមានឡានមកទទួល។ ដោយមានការតាំងចិត្តខ្ពស់ យើងមិនបោះបង់ទេ យើងនឹងបន្តដំណើរ២០គីឡូម៉ែត្រទៅមុខទៀត។
យើងចាប់ផ្តើមដើរនៅម៉ោង៤កន្លះនៅព្រហាមស្រាងៗ។ ក្នុងចិត្តខ្ញុំគិតថា ខ្ញុំអាចដើរបានច្រើនបំផុតត្រឹមគីឡូម៉ែត្រលេខ៣២ ព្រោះខ្ញុំអាចដឹងបានពីកម្លាំងរបស់ខ្លួន។ ខ្ញុំព្យាយាមបន្តដើរទាំងជង្គង់ទាំងពីរនៅឈឺតែមិនសូវខ្លាំងទេ ហើយម្យ៉ាងព្រោះនៅព្រឹកមិនសូវក្តៅផង។ ឆ្លងពីមួយគីឡូម៉ែត ទៅមួយគីឡូម៉ែត្រ ក្នុងចិត្តត្រេកអរខ្លាំងណាស់។ គេឃើញជើងខ្ញុំចងក្រម៉ា គេសួរនាំជារឿយៗថាអាចធ្វើបានទេ ខ្ញុំមិនដឹងត្រូវថាម៉េច ខ្ញុំក៏ឆ្លើយថាឈឺសន្លាក់បន្តិចតែ អាចដើរបាន ខ្ញុំធ្វើបាន តែត្រូវតែស៊ូ។ ដល់គីឡូម៉ែត្រលេខ២៥ មិត្តរួមក្រុមសួរនាំ និងយកស្ព្រាយបាញ់ជង្គង់ខ្ញុំអោយបានធូរ និងអោយក្រណាត់ ចងពាក់ក្បាលជង្គង់ទាំងពីរ។ ខ្ញុំរំភើប និងសប្បាយចិត្តជាមួយការយកចិត្តទុកដាក់របស់ពួកគាត់ណាស់ តែមិនចង់រំខានច្រើនក៏ព្យាយាមធ្វើមាំ ព្រោះដឹងថាម្នាក់ៗក៏នឿយហត់មិនខុសគ្នាដែរ។
ដល់គីឡូម៉ែត្រលេខ៣២ ក្រុមការងារក៏មានរៀបចំទឹក ចេក និងនំបុ័ងទុកអោយញ៉ាំ។ វាមិនអស្ចារ្យទេ តែមានន័យ និងមានតម្លៃណាស់សម្រាប់ពេលនេះ។ ខ្ញុំចាប់ផ្តើមមូរជើងខោឡើង លាបប្រេងក្រឡា ដើម្បីអោយធូរងាយស្រួលដើរ។ ចាប់បន្តការដើរទៀតប្រហែលម៉ោង៩ ដើរដល់គីឡូម៉ែតលេខ ៣៤ ថ្ងៃក៏ក្តៅខ្លាំង ហើយឡើងចំណោទចុះឡើងតាមចំការកៅស៊ូរហូតដល់ជិតគីឡូម៉ែតចុងក្រោយ។ ,,,ខ្ញុំចូលចិត្តស្មារតីយកចិត្តទុកដាក់របស់អ្នកចូលរួមណាស់។ ពួកគាត់តែងសួរថាជើងខ្ញុំយ៉ាងម៉េចហើយ និងអោយកម្លាំងចិត្តថា បងស៊ូៗ សល់តែ២ ឬ៣គីឡូទៀតទេ។ ខ្ញុំឆ្លើយដោយក្តីរីករាយ អរគុណ ជាមួយនិងស្នាមញញឹម។ ពេលខ្លះខ្ញុំចង់បោះបង់ម្តងៗដែរ តែដោយមានកម្លាំងចិត្តពីមិត្តដើរជាមួយ ខ្ញុំបន្តដើររហូតដល់គីឡូម៉ែតលេខ៣៩ ។ ដើរហួសគីឡូម៉ែតលេខ៣៩បន្តិច ខ្ញុំក៏ឈប់សម្រាកជាមួយសមាជិកដ៏ទៃ ចាំក្រុមខ្ញុំដើម្បីដើរជុំគ្នាដល់គីឡូម៉ែត្រលេខ៤០។ យើងជុំគ្នានឹងបន្តទៅរួមគ្នាដើម្បីស្មារតីក្រុម។ ពេលនេះខ្ញុំធ្វើបានហើយ យើងធ្វើបានហើយ។
មកដល់វិមានអនុស្សាវរីយ៍២ធ្នូ ក៏មានការស្វាគមន៍ ហើយសមាជិកនៃក្រុមគ្រួសារ 40kmទៅកាន់ប្រវត្តិសាស្រ្តបានស្នាក់នៅជាមួយគ្នា និងសប្បាយរីករាយជាមួយគ្នានៅក្នុងជំរុំ។ អរគុណដែលបានបង្កើតកម្មវិធីនេះ ទោះវាគ្មានអ្វីអស្ចារ្យ តែខ្ញុំដឹងថាវាមានតម្លៃខ្លាំងណាស់សម្រាប់ខ្ញុំ។