នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ នៅស្នាក់ការកណ្តាល សហភាពសហពន្ធ័យុវជនកម្ពុជា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបសំណេះសំណាលជាមួយប្រតិភូយុវជនកម្ពុជា ដែលនឹងត្រូវចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ចិន-អាស៊ាន លើកទី២ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ នៅទីក្រុងប៉េកាំង ប្រទេសចិន។
ក្នុងការជួបសំណេះសំណាលនេះ ដែលគឺមានទាំងអតីតប្រតិភូយុវជនទាំង៧រូប ដែលចូលរួមកាលពីឆ្នាំ២០១៣ និងប្រតិភូឆ្នាំ២០១៤ ចំនួន១០ រូប ដែលត្រៀមចូលរួមក្នុងកម្មវិធីលើកទី២នេះ។ គួរបញ្ជាក់ផងដែរថា កម្មវិធីវប្បធម៌ចិន-អាស៊ាននេះ គឺជាការបង្ហាញចំណងពីមិត្តភាព សាមគ្គីភាព រវាងសមាគមចិន-អាស៊ាន ជាមួយសមាគម កម្ពុជា-ចិន និងផ្លាស់ប្តូរវប្បធម៌ប្រពៃណី រវាងយុវជន និងយុវជន ដែលចូលរួមសហការដោយសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្នុងឱកាសនេះដែរ លោក ហ៊ុន ម៉ានី បានផ្តាំផ្ញើរឲ្យយុវជនទាំងអស់ ត្រូវជឿជាក់លើខ្លួនឯង ជឿជាក់លើគ្នាទៅវិញទៅមក ក្នុងនាមប្រតិភូតំណាងកម្ពុជា ដើម្បីទទួលបានជោគជ័យក្នុងការបង្ហាញពីវប្បធម៌ដ៏ត្រចះត្រចង់របស់កម្ពុជា ទៅលើឆាកអន្តរជាតិ ជាពិសេសការបង្ហាញពីមោទនភាពជាជាតិខ្មែរ ព្រោះពេលនេះជាឱកាសរបស់យើងដើម្បីផ្សព្វផ្សាយពីវប្បធម៌ប្រពៃណី និងបង្កើនកិត្យានុភាពរបស់ប្រទេស។