តបការអញ្ជើញរបស់សមាគមប្រជាជន នៃសាធារណរដ្ឋសិង្ហបុរី កម្ពុជាមានកិត្តិយសជាថ្មីក្នុងការចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៥ ដល់១៦ ខែកុម្ភៈ នៅទីតាំង F1 Pit Building សាធារណរដ្ឋសិង្ហបុរី។
សហភាពសហព័ន្ធយុវជនកម្ពុជា មានសេចក្តីសោមនស្សយ៉ាងក្រៃលែង ក្នុងបេសកកម្មដឹកនាំប្រតិភូ សិល្បករ សិល្បការិនី ទៅចូលរួមសម្តែង និងការនាំយកវប្បធម៌សិល្បៈដ៏ប្រពៃ និងវិសេសដែលជាមោទនភាពជាតិ ទៅបង្ហាញលើឆាកអន្តរជាតិក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ ឆ្នាំ២០១៩ ខាងមុខនេះ។
អ្វីទៅជា «ក្បួនដង្ហែ ឈីងហ្គេ»?
ក្បួនដង្ហែ ឈីងហ្គេ គឺជាក្បួនព្យុហយាត្រា សិល្បៈសម្តែងដ៏ធំមួយនៅអាស៊ី ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយសមាគមប្រជាជន នៃសាធារណរដ្ឋសិង្ហបុរី។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមដោយអតីត នាយករដ្ឋមន្ត្រី លី ក្វាន់យូ ក្នុងគោលបំណងបង្ហាញពីភាពអស្ចារ្យ ភាពស្រស់បំព្រង និងភាពសម្បូរបែបនៃវប្បធម៌ចម្រុះ។ ក្នុងក្បួនព្យុហយាត្រានេះ គឺមានការចូលរួមសម្តែងដោយក្រុមសិល្បៈជាតិប្រមាណ ១៥០ ស្ថាប័ន និងរួមបញ្ចូលជាមួយ បណ្តាសិល្បករ សិល្បការិនី មកពីជុំវិញពិភពលោក សរុបទាំងអស់ប្រមាណជិត ១០០០០ នាក់ រួមគ្នាបង្ហាញពីសិល្បៈវប្បធម៌នៃជាតិសាសន៍រៀងៗខ្លួន។
ក្បួនដង្ហែ ឈីងហ្គេ គឺមានការចូលរួមពីបណ្តាប្រទេសជាច្រើននៅលើពិភពលោក ដែលអាចទាក់ទាញវិសាលភាពផ្សព្វផ្សាយបានទូលំទូលាយទៅកាន់មហាជន រាប់រយលាននាក់ តាមរយៈការផ្សព្វផ្សាយរបស់ស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិល្បីៗជាច្រើន។
ការចូលរួមរបស់កម្ពុជា គឺជាការចាប់យកឱកាសបង្ហាញពី វប្បធម៌ដ៏ប្រពៃ និងវិសេសរបស់ខ្មែរទៅកាន់ពិភពលោកតាមរយៈការសម្តែងរបស់សិល្បករ សិល្បការិនី កម្ពុជាក្នុងក្បួនដង្ហែឈីងហ្គេ។ ជាមួយគ្នានោះដែរ យើងនឹងបង្ហាញពីកំលាំងសាមគ្គីភាព និងសក្តានុពលរបស់កម្ពុជានាពេលអនាគត តាមរយៈការរួបរួមគ្នារបស់យុវជនខ្មែរផងដែរ។
ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមប្រជាជន សាធារណរដ្ឋសិង្ហបុរី គណៈប្រតិភូកម្ពុជា រួមទាំងក្រុមសិល្បករ និងសិល្បការិនី សរុបចំនួន ៧៤រូប ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទៅចូលរួម និងសម្តែងក្នុងព្រឹត្តិការណ៍ ក្បួនដង្ហែ ឈីងហ្គេ ឆ្នាំ២០១៧ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០១៧ នាពេលកន្លងទៅនេះ នៅសាធារណរដ្ឋសិង្ហបុរី។ នាពេលនោះ កម្ពុជាបាននាំនូវយកទស្សនីយភាពសិល្បៈខ្មែរក្រោមប្រធានបទ៖ «សុខដុមក្នុងភាពចម្រុះនៃវប្បធម៌ (Unity in Cultural Diversity)» ដែលរួមបញ្ចូលនូវសិល្បៈ ៤ ទម្រង់រួមមាន របាំអប្សរា ក្បាច់គុណល្បុក្កតោ ល្ខោនស្រមោលស្បែកធំ និងកញ្ឆែ ទៅសម្តែងក្នុងក្បួនព្យុហយាត្រាសិល្បៈដ៏សម្បើមនោះ។
បើទោះជាមានទម្រង់សិល្បៈច្រើនប្រភេទមកពីបណ្តាប្រទេសនានាត្រូវបានយកមកសម្តែងក្នុងព្រឹត្តិការណ៍ឈីងហ្គេ នាឆ្នាំនោះក៏ដោយ ទម្រង់សិល្បៈសម្តែងកម្ពុជាមានភាពរស់រវើក លេចធ្លោជាងគេបំផុត និងបានទាក់ទាញអោយមានការផ្សព្វផ្សាយពីបណ្តាសារព័ត៌មានបរទេសល្បីជាច្រើន។
ព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែកុម្ភៈ នៅសាធារណរដ្ឋ សិង្ហបុរី ក្រោមប្រធានបទ៖ «DREAM FUNTASIA»។
សម្រាប់ព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ ឆ្នាំ២០១៩ នេះ កម្ពុជាមានកិត្តិយសនឹងនាំយកនូវទស្សនីយភាព សិល្បៈប្រពៃណី និងរបាំសហសម័យ ចំនួន៥ទម្រង់ រួមបញ្ចូលគ្នាក្រោមប្រធានបទ៖ ភាពសុខដុម(HARMONY) ដែលនឹងបង្ហាញនូវភាពសុខដុមរបស់ជាតិសាសន៍ ប្រជាជាតិខ្មែរ តាមរយៈការរួបរួមគ្នា ការពារស្នាដៃដូនតា និងកសាងសមិទ្ធផលនានាបន្ថែម ពីមួយដំណាក់កាលទៅមួយដំណាក់កាល។ សិល្បៈ ៥ ទម្រង់ ដែលនឹងត្រូវយកទៅសម្តែងរួមមាន៖
(១) របាំម្ករ៖ គឺជារបាំដ៏ពិសិដ្ឋអស្ចារ្យ ដែលបង្កើតឡើងដើម្បីជានិមិត្តរូបនៃភាពត្រជាក់ត្រជំ និងជ័យជំនះរបស់កងទ័ពជើងទឹកខ្មែរអំឡុងសម័យអង្គរ។ ម្ករជាប្រភេទសត្វត្រីម្យ៉ាង មានដងខ្លួនដូចជានាគ ដែលនៅក្នុងជំនឿខ្មែរចាត់ទុកអំបូរនាគជាកំណើតដូនតាខ្មែរ។
(២) ឈុតព្រះថោងនាងនាគ៖ គឺជានិមិត្តរូបនៃការកសាងវង្សត្រកូល និងប្រទេសជាតិខ្មែរ ដោយការផ្សារភ្ជាប់គ្នារវាង មនុស្សជាតិ ជាតិសាសន៍ ការអនុវត្តនយោបាយដឹកនាំប្រទេស និងជំនឿសាសនាដែលនាំឱ្យមានការរស់នៅជុំគ្នា ប្រកបដោយភាពសុខដុម ក្សេមក្សាន្ដ សុខសន្ដិភាព និងភាពសម្បូរសប្បាយ។
(៣) ឈុតកូរសមុទ្រទឹកដោះ៖ គឺបង្ហាញពីការរួមគ្នា សហការគ្នា ចូលរួមយ៉ាងសស្រាក់សស្រាំ និងស្មើភាពគ្នារវាង ទេវតា និងអសុរា ដើម្បីទទួលបាននូវសមិទ្ធផលដែលបម្រើដល់ផលប្រយោជន៍រួម។
(៤) របាំក្រមា និងក្បាច់ក្រមានៃគុណល្បុក្កតោ ៖ បង្ហាញពីការអត់ធ្មត់ ខិតខំប្រឹងប្រែង និងរួបរួមគ្នាជាធ្លុងមួយ ស្របជាមួយនឹងភាពរឹងមាំ និងម៉ឺងម៉ាត់នៃគុណល្បុក្កតោ។
(៥) ក្បាច់ផ្ការំដួល៖ ផ្ការំដួល គឺជាផ្កាអត្តសញ្ញាណជាតិខ្មែរ។ ចាប់តាំងពីសម័យបុរាណកាលមកស្រ្តីខ្មែរត្រូវបានគេប្រៀបប្រដូចទៅនឹងផ្ការំដួល ព្រោះផ្ការំដួលមានក្លិនក្រអូបឈ្ងុយឈ្ងប់ ហើយសាយក្លិនក្រអូបសាយបាន ឆ្ងាយតាមកម្លាំងខ្យល់បក់។ ដូចនេះ របាំផ្ការំដួល នឹងបង្ហាញពីភាពស្រស់ត្រកាល និងការរីកលូតលាស់ដ៏វិសេសវិសាលនៃជាតិសាសន៍ខ្មែរ ដែលល្បីរន្ទឺដល់ពិភពលោក តាមរយៈយុវជនខ្មែរ និងប្រជាជនខ្មែរគ្រប់ៗរូប។
អ្វីដែលជាការរំពឹងទុករបស់យើងនោះគឺ (១)ក្រៅពីការសម្តែងសិល្បៈវប្បធម៌ខ្មែរ លើឆាកអន្តរជាតិក្នុងព្រឹត្តិការណ៍ឈីងហ្គេ កម្ពុជាចង់បង្ហាញពីការចូលរួមយ៉ាងសកម្មរបស់យុវជនខ្មែរ ក្នុងការរួបរួមគ្នាថែរក្សាវប្បធម៌ អរិយធម៌ខ្មែរ ដែលដូនតាបន្សល់ទុក ក៏ដូចជាការចូលរួមជំរុញផ្សព្វផ្សាយតាមលទ្ធភាពផ្សេងៗដែលអាចធ្វើបាន។ (២) យើងក៏សង្ឃឹមថាគណៈប្រតិភូ សិល្បករ សិល្បការិនី ទាំងអស់ នឹងបង្ហាញពីសក្តានុពលរបស់ខ្លួនក្នុងនាមជាតំណាងយុវជនកម្ពុជា ដែលពោរពេញដោយសមត្ថភាព និងជាអ្នកបន្តវេនដឹកនាំនាវាកម្ពុជាទៅថ្ងៃអនាគត។ លើសពីនោះថែមទៀត (៣)ការចូលរួមក្នុងព្រឹត្តិការណ៍ ឈីងហ្គេ ក៏ជាឱកាសដែលគណៈប្រតិភូកម្ពុជាទាំងអស់ អាចកសាងទំនាក់ទំនងល្អ ជាមួយមិត្តអន្តរជាតិ ហើយរួមគ្នានាំមកនូវភាពសុខដុមនៃវប្បធម៌ មនុស្សជាតិ និងប្រទេសជាតិ។