នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ក្នុងស្មារតីនៃការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក) បានចាប់ផ្តើមបេសកកម្មចាក់វ៉ាក់សាំងកូវីដ១៩ជូនដល់ប្រជាពលរដ្ឋ ស្របតាមការកំណត់របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
ការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ គឺជាបេសកកម្មក៏មានសារៈសំខាន់បំផុត សម្រាប់ ស.ស.យ.ក. ក្នុងការបម្រើប្រជាពលរដ្ឋ បន្ថែមលើកិច្ចការងារកន្លងមកដែលបានបំពេញក្នុងបុព្វហេតុ ជាតិ មាតុភូមិ។ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ស.ស.យ.ក. ចាត់ទុកថា បេសកកម្មនេះ គឺជាការចូលរួមលះបង់មិនអាចកាត់ថ្លៃបាននូវសេចក្តីសុខសុភមង្គលផ្ទាល់ខ្លួនដើម្បីសង្គមជាតិ និងការស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ក្នុងគោលដៅការពារឱ្យបាននូវអាយុជីវិតប្រជាពលរដ្ឋកម្ពុជា។
ក្នុងនាមថ្នាក់ដឹកនាំ និងជាសមាជិកមួយរូបនៃក្រុមគ្រួសារ ស.ស.យ.ក. ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញនូវមោទនភាពចំពោះការចូលរួមរបស់សមាជិក សមាជិកាទាំងអស់ ដោយមានប្រសាសន៍លើកឡើងថា៖
«ក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវការយើងបំផុត ក្រុមគ្រួសារ ស.ស.យ.ក. តាមរយៈសមាជិក សមាជិកាទាំងអស់គ្នា បានក្លាយជាទ័ពអាវផ្ទៃមេឃដ៏មុតស្រួច ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា»។
ទន្ទឹមនឹងការកោតសរសើរ និងថ្លែងអំណរគុណចំពោះការចូលរួម ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តឱ្យសមាជិក សមាជិកាទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ ប្រកបដោយទំនួលខុសត្រូវ និងភាពប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការការពារខ្លួនឱ្យចៀសឆ្ងាយពីជំងឺនានាជាពិសេសជំងឺកូវីដ១៩ ដើម្បីធ្វើយ៉ាងណារួមគ្នាបំពេញបេសកកម្មចាក់វ៉ាក់សាំងនេះ ឱ្យបានជោគជ័យ ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។
គួររម្លឹកដែរថា កន្លងមកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល សមាជិក សមាជិកា ស.ស.យ.ក. តាមបណ្តារាជធានីខេត្ត បានចូលរួមយ៉ាងសកម្ម តាមរយៈការអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋការគាំទ្រផ្នែកស្មារតី និងការឧបត្ថម្ភសម្ភារចាំបាច់ជាបន្តបន្ទាប់ ជាពិសេសការចូលរួមសហការជាមួយអាជ្ញាធរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាននីមួយៗ។ ជាមួយគ្នានេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បាន និងកំពុងចូលរួមក្នុងបេសកកម្មចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដឹកនាំដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។