#MoEYS #UYFC #ស្វ័យសិក្សា #MoEYSELearningApp #MoEYSApp
ក្រុមការងាររៀបចំ និងអភិវឌ្ឍ កម្មវិធីស្វ័យសិក្សា «MoEYS E-Learning» សូមជម្រាបជូន សាធារណជន ជាពិសេសសិស្សានុសិស្សមេត្តាជ្រាបថា បន្ទាប់ពីត្រូវបានដាក់ដំណើរការ កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ កន្លងមក កម្មវិធីស្វ័យសិក្សា «MoEYS E-Learning» ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងច្រើនកុះករ និងមានចំនួនអ្នកទាញយកកម្មវិធីយ៉ាងច្រើនលើសលុប ហើយបានឈរលើចំណាត់ថ្នាក់ខ្ពស់ក្នុងរយៈពេលដ៏ខ្លី ក្នុងចំណោមកម្មវិធីផ្សេងៗទៀតក្នុងតំបន់។ ការណ៍នេះបានបង្កនូវការរាំងស្ទះចរាចរណ៍បច្ចេកទេសខ្លះៗនៃកម្មវិធី ដែលបាន បណ្តាលឲ្យមានភាពរអាក់រអួលមួយចំនួនក្នុងការទាញយក និងការចុះឈ្មោះចូលកម្មវិធី ដែលបើតាមការពិនិត្យជាក់ស្តែងបានបង្ហាញថា កម្មវិធីស្វ័យសិក្សា «MoEYS E-Learning» ត្រូវបានទាញយករហូតដល់ក្បែរ ៤ម៉ឺនដងក្នុងថ្ងៃសម្ពោធ បន្ថែមលើចំនួនអ្នកប្រើប្រាស់ជាច្រើនទៀតដែលមានស្រាប់។
ប្រសិនបងប្អូនសាធារណជន និងសិស្សានុសិស្ស ទាំងអស់បានជួបប្រទះបញ្ហាដូចបានជម្រាបជូនខាងលើ សូមបងប្អូនមេត្តាអត់ធ្មត់ និងមានការអធ្យាស្រ័យចំពោះភាពរអាក់រអួលនេះ។ ខណៈនេះ ក្រុមការងារបាននឹងកំពុងដោះស្រាយបញ្ហា ក៏ដូចជាបន្តដោះស្រាយជាបន្តបន្ទាប់ ដើម្បីពង្រីកវិសាលភាពក្នុងការទាញយក និងចុះឈ្មោះឲ្យបានទាន់ចិត្ត ហើយធានាបាននូវភាពងាយស្រួលក្នុងការប្រើប្រាស់កម្មវិធី។
ឆ្លៀតក្នុងឱកាសនេះ ក្រុមការងាររៀបចំ និងអភិវឌ្ឍ កម្មវិធីស្វ័យសិក្សា «MoEYS E-Learning» សូមថ្លែងអំណរគុណដល់សាធារណជន និងសិស្សានុសិស្សទាំងអស់ ចំពោះការចាប់អារម្មណ៍គាំទ្រកម្មវិធីដ៏ថ្មីសន្លាង ដែលបានដាក់ដំណើរការជាផ្លូវការកាលពីម្សិលមិញនេះ។ ក្រុមការងារនឹងព្យាយាម ប្រឹងប្រែងគ្រប់លទ្ធភាព និងគ្រប់ទិដ្ឋភាពបច្ចេកទេស ដើម្បីផ្តល់ជូននូវកម្មវិធីមួយដែលមានគុណភាព និងមានអត្ថប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។
សូមអរគុណ!